រាជធានីភ្នំពេញ ៖ លោកឪពុកអ្នកម្តាយជាអ្នកមានគុណូបការៈដ៏ក្រៃលែងចំពោះបុត្រធីតាប្រុសស្រី លោកទាំងពីរលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បីធ្វើយ៉ាងឲ្យកូនៗរស់នៅសុខស្រួល និងប្រកបដោយក្ដីសុខ។ ដៃទាំងគូដែលលោកទាំងពីរមានព្យាយាមប្រឹងប្រែងគាស់កាយដីស្រែ ធ្វើចម្ការ លះបង់ក្ដីសុខផ្ទាល់ខ្លួន និងមិនដែលចង់បានអ្វីពីកូនក្រៅតែពីចង់ឃើញកូនៗចេះស្រឡាញ់គ្នា ចេះជួយទុក្ខធុរៈគ្នា និងមិនម៉ាក់ងាយគ្នានៅពេលដែលពួកគេធំរៀងៗខ្លួន។

ពេលវេលាដែលពាក់ស្លាបក៏ហើរទៅឆ្ងាយ លោកឪពុកអ្នកម្តាយក៏ចាប់ផ្តើមមានវ័យកាន់តែចាស់ជរា ខណៈកូនប្រុសស្រីទាំងឡាយមានគូស្រកររៀងៗខ្លួន លោកទាំងពីរក៏រស់នៅឱបក្រសោបត្រឹមតែស្រមោលអតីតកាល និងសម្លឹងមើលទៅរឿងរ៉ាវចាស់ៗនាពេលកន្លងទៅ។ ភាពឯកោក៏ចាប់ផ្តើមចូលមកលងបន្លាចពុកម៉ែម្ដងបន្តិចៗ ហើយប្រសិនបើកូនៗទាំងឡាយឧស្សាហ៍មកលេង ចេះប្រើសំដីផ្អែម ម្ល៉េះឪពុកម្តាយគ្រប់នឹងមិនសូវជួបប្រទះនូវភាពឯកោនោះទេ។

សូមផ្តល់ក្ដីស្រឡាញ់ ការគោរព និងភាពថ្នាក់ថ្នមទាំងចិត្ត និងកាយ ជូនដល់ឳពុកម្តាយរបស់អ្នក ដូចកាលដែលគាត់ធ្វើចំពោះអ្នកនាពេលដែលអ្នកនៅតូច ដើម្បីកុំឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយ៕

អត្ថបទដោយ ៖ ប៊ុត បឋវី