យើងច្បាស់ជាដឹងហើយថា ការញេចមុនអាចធ្វើឲ្យផ្ទៃមុខរលាក បន្សល់ស្លាកស្នាម និងការឆ្លងមេរោគ។ ប៉ុន្តែ គ្នាយើងនៅតែបន្តទម្លាប់ញេចមុននេះដោយសារតែហេតុផលទូទៅមួយចំនួន ដូចជាការរមាស់ ការឈឺចាប់ ឬដើម្បីភាពពេញចិត្តជាដើម។ យ៉ាងណាមិញ ដើម្បីបញ្ឈប់ទម្លាប់ដ៏អាក្រក់នេះ គ្នាយើងអាចសាកល្បងតិចនិកខាងក្រោម។

១. ជៀសវាងចំណាយពេលច្រើននៅមុខកញ្ចក់
ពិតណាស់ នៅមុខកញ្ចក់យូរ អាចធ្វើឲ្យយើងមានអារម្មណ៍ចង់ញេចមុនកាន់តែខ្លាំង នៅពេលប្រទះឃើញបញ្ហាផ្សេងៗនៅលើផ្ទៃមុខ។ ដូច្នេះហើយ ចូរជៀសវាងចំណាយពេលច្រើនសម្លឹងមើលកញ្ចក់ ជាពិសេស បន្ទាប់ពីយើងទើបងូតទឹករួច ពីព្រោះស្បែករបស់យើងកាន់តែងាយរងប្រតិកម្ម។

២. កាត់ក្រចកដៃឲ្យខ្លី
ដើម្បីបញ្ចៀសបញ្ហាស្បែកកាន់តែធ្ងន់ធ្ងរ ស្រីៗយើងគប្បីកាត់ក្រចកឱ្យខ្លី។ ជាទូទៅ ការកាត់ក្រចកជារៀងរាល់សប្ដាហ៍ អាចរារាំងការញេចមុនបានមួយកម្រិតដែរ។ បន្ថែមពីនេះ នៅពេលដែលយើងមានក្រចកដៃខ្លី និងស្អាត វាក៏អាចកាត់បន្ថយឱកាសនៃការឆ្លងមេរោគ ដែលអាចធ្វើឲ្យរលាកស្បែកដូចគ្នា។

៣. ប្រើម៉ាសបិទមុខ
ដូចទៅនឹងការធ្វើការងារ ឬសម្រាកដែរ នៅពេលដែលយើងប្រើប្រាស់ក្រែមលាបមុខ ឬម៉ាសបិទមុខ វាអាចក្លាយជារនាំងការពារកុំឲ្យយើងញេចមុនបាន។ ក្រោយពេលដែលស្បែកត្រូវបានបំផ្លាញ ការប្រើប្រាស់ម៉ាសបិទមុខដែលមានគុណប្រយោជន៍បំប៉នស្បែក កាត់បន្ថយការរលាក និងក្រហាយ គឺជាជម្រើសដ៏ប្រសើរបំផុត៕