សួតគឺជាសរីរាង្គផ្លូវដង្ហើមមួយដ៏មានសារៈសំខាន់ ស្ថិតនៅក្បែរឆ្អឹងខ្នងត្រង់ផ្នែកទាំងសងខាងនៃបេះដូង។ សួតមានមុខងារសំខាន់ក្នុងការបញ្ជូនអុកស៊ីសែន ពីបរិយាកាសខាងក្រៅចូលទៅក្នុងចរន្ដឈាម និងបញ្ចេញជាតិកាបូនឌីអុកស៊ីដ(Carbon dioxide) ទៅក្នុងបរិយាកាស។ ប៉ុន្ដែទោះជាយ៉ាងណា សារធាតុមិនល្អមួយចំនួន អាចបង្កគ្រោះថ្នាក់ដល់ផ្លូវដង្ហើម និងគំរាមកំហែងដល់សមត្ថភាពរបស់សួតដើម្បីឱ្យដំណើរការប្រក្រតី ដែលអាចនាំទៅរកជំងឺសួត។ ខាងក្រោមនេះ គឺជាវិធីមួយចំនួន ដើម្បីជួយឱ្យសួតរបស់អ្នករឹងមាំ និងមានសុខភាព៖

១. បញ្ឈប់ការជក់បារី៖ ប្រសិនបើអ្នកជក់បារី អញ្ចឹងដល់ពេលដែលអ្នកត្រូវ បញ្ឈប់វាដើម្បីលើកកម្ពស់សុខភាពសួតរបស់អ្នកហើយ។ ផ្សែងបារីមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់រាប់ពាន់ប្រភេទ ដែលសារធាតុទាំងអស់នោះ អាចបង្កបញ្ហាដល់សុខភាព។

២. ចៀសវាការស្រូបយកផ្សែងបារីពីអ្នកដទៃ៖ អ្នកដែលមិនជក់បារី ត្រូវចៀសវាងការស្រូបយកផ្សែងបារីពីអ្នកដទៃ ដើម្បីអាចលើកកម្ពស់សួតឱ្យមានសុខភាពល្អ។ ផ្សែងបារីពីអ្នកដទៃ មានផ្ទុកនូវសារធាតុពុលខ្ពស់ ហើយអាចបង្កគ្រោះថ្នាក់ដល់សួត និងសុខភាពរាងកាយទាំងស្រង់របស់អ្នក។ ខាងក្រោមនេះគឺជាទិកនិក ដែលអ្នកអាចអនុវត្ដដើម្បីចៀសវាងការស្រូបយកផ្សែងបារីពីអ្នកដទៃ៖
-មិនត្រូវអនុញ្ញាតឱ្យនរណាម្នាក់ជក់បារីនៅក្នុងផ្ទះ រថយន្ដ ឬកន្លែងធ្វើការរបស់អ្នក។
-ធ្វើការគាំទ្រដល់អាជីវកម្ម ឬសកម្មភាពទាំងឡាយណា ដែលមិនមានផ្សែងបារី។
-ចៀសវាងទីកន្លែងសាធារណៈ ដែលអនុញ្ញាតឱ្យជក់បារី។
-ស្នាក់នៅសណ្ឋាគារ ដែលមិនមានផ្សែងបារី នៅពេលធ្វើដំណើរកម្សាន្ដទៅកន្លែណាមួយ ដើម្បីចៀសវាងសំណល់ផ្សែងពីភ្ញៀវមុនៗ។

៣. ត្រូវកម្រិតការប្រឈមនឹងភាពកខ្វក់ផ្សេងៗ៖ ក្រៅពីផ្សែងបារី ក៏មាននូវភាពកខ្វក់ផ្សេៗទៀត ស្ថិតនៅក្នុងខ្យល់អាកាស ដែលនាំឱ្យអន្ដរាយដល់សួត ព្រមទាំងសុខភាពរាងកាយទាំងស្រុងរបស់អ្នក។ សូម្បីតែក្លិនក្រអូបសំយោគប្រើនៅក្នុងផលិតផលបោកគក់ និងផលិតផលបន្សុទ្ធខ្យល់អាកាសផ្សេងៗក៏បញ្ចេញនូវសារធាតុគីមីពុលផងដែរ។
-ចៀសវាងតំបន់កខ្វក់ និងតំបន់ឧស្សាហកម្ម។
-យកចិត្ដទុកដាក់កាត់បន្ថយការបំពុលបរិយាកាសក្រៅផ្ទះ និងជួយបង្កើតបរិយាកាសស្អាត។ ជាតួយ៉ាង ប្រសិនបើអ្នកមានពេល គួរដើរ ឬជិះកង់ជំនួសការបើករថយន្ដ៕