រាជធានីភ្នំពេញ ៖ ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាហាក់កមពុងតែមានការកើនឡើងឥតឈប់ឈរ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវយ៉ាងទទូចសុំឲ្យពលរដ្ឋត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩ច្រើនជាងនេះ។ ក៏ប៉ុន្តែចំពោះបញ្ហាខាងលើនេះគេសង្កេតឃើញថាក៏មានពលរដ្ឋមួយចំនួនបានយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្របពេលដែលពលរដ្ឋមួយចំនួនតូចទៀតនៅតែបន្តការមិនពាក់ម៉ាស ឬអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យនៅឡើយ។

តួយ៉ាងអតីតតាសម្តែងស្រី និងជាពិធីការិនីអ្នកនាង ស៊ឹម សូលីកា បានសម្រេចចិត្តធ្វើតេស្តសំណាកនៅផ្ទះដោយខ្លួនឯងក្រោយបានចូលរួមកម្មវិធីមួយដែលអ្នកផលិតកម្មវិធីនោះបែរជាមិនឲ្យអ្នកចូលរួមទាំងអស់ពាក់ម៉ាសទៅវិញ។ អ្នកនាង ស៊ឹម សូលីកា បានលើកឡើងថា «ខ្ញុំតែងតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមបីការពារ បីកុំ តាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា 🙏🏻 ខ្ញុំពិតជាមិនចង់រុកច្រមុះបែបនេះទេ ខ្ញុំខ្លាចណាស់ ខ្លាចឆ្លងCOVID-19 ខ្លាចបន្តការចម្លងដល់គ្រួសាររបស់ខ្ញុំ ជាពិសេសម្ដាយវ័យចាស់នៅផ្ទះដែលមានជំងឺស្រាប់ផង ខ្ញុំរឹតតែមិនចង់ផ្ដល់បន្ទុកលំបាកបន្ថែមដល់ថ្នាក់ដឹកនាំប្រទេសនោះទេ។

បញ្ជាក់: ខ្ញុំបានធ្វើការនៅក្នុងបន្ទប់ស្ទូឌីយោម៉ាសុីនត្រជាក់បិទជិតជាច្រើនម៉ោង អ្វីដែលសំខាន់ ហើយខ្ញុំបារម្មណ៍ខ្លាចបំផុតនោះគឺភ្ញៀវដែលមកចូលរួមទាំងអស់ត្រូវបានអ្នកផលិតកម្មវិធីមិនអោយពួកគេពាក់ម៉ាស់នោះទេ តើអ្នកណាអាចទទួលខុសត្រូវចំពោះរឿងនេះ ??? តើការដកដង្ហើមនៅក្នុងបន្ទប់ស្ទូឌីយោរយ:ពេលច្រើនម៉ោង ហើយមានមនុស្សច្រើនមកពីគ្រប់ទិសទីបែបនេះ ហេតុអីក៏អស់លោកអ្នកនៅតែបំពានហ៊ានតតាំងជាមួយមេរោគCOVID-19 បែបនេះ ???
ខ្ញុំនិងក្រុមការងារមួយចំនួនភ័យខ្លាចណាស់ ពេលជួបមនុស្សដែលមិនពាក់ម៉ាស់ មកឈរនិយាយនៅក្បែរ តែគ្មានជម្រើសទេ ។

ជាការពិតណាស់មួយថ្ងៃកន្លង មនុស្សដែលបានរួមការងារនៅក្នុងបន្ទប់ស្ទូឌីយោនោះមានវិជ្ជមានកូវីដ-១៩ ហើយបានរកឃើញជាបន្តបន្ទាប់ បើសិនជាខ្ញុំបានដឹងមុនខ្ញុំប្រាកដជាមិនហ៊ានទៅធ្វើការទេ តែពួកយើងសុទ្ធតែមិនដឹងដូចគ្នា សូម្បីតែអ្នកដែលបានរកឃើញថាមានផ្ទុកមេរោគក៏គាត់ស្មានមិនដល់ថាគាត់មានឆ្លងមេរោគនោះឡើយ ដូច្នេះនាងខ្ញុំសូមជម្រាបដំណឹងនេះទៅដល់មិត្តសិល្បៈករទាំងអស់ដែលមកច្រៀងនៅក្នុងកម្មវិធីកាលពីថ្ងៃ ១៣/១៤ កក្ដដា ២០២១ កន្លងទៅ មេត្តាជ្រាបជាដំណឹងផង ។
ដោយក្តីគោរព ស្រលាញ់បំផុត»៕