បើទោះជាបណ្តាញសង្គមបានក្លាយជាទីដ៏ធំក្នុងការទំនាក់ទំនងគ្នាក៏ដោយ តែមានរឿងមួយចំនួនមនុស្សស្រីឆ្លាតដូចជាអ្នក មិនគួរយកមកផុសនោះទេ។ ដោយសារវាអាចប្រឈម និងធ្វើឲ្យគេវាយតម្លៃអ្នកលើសពីការពិត។ ម្ល៉ោះហើយ មនុស្សស្រីឆ្លាតត្រូវចៀសវាងផុសរឿងបែបនេះ ដាច់ខាត៖

១. អារម្មណ៍ក្នុងចិត្ត
មិនថាអ្នកកំពុងលង់ស្រលាញ់នរណា ឬអ្នកជាមនុស្សនៅលីវ ឬរៀបការរួចនោះទេ គួរចៀសវាងការផុសលើបណ្ដាញសង្គមពីអារម្មណ៍ផ្ទាល់ខ្លួនហួសហេតុ។ ពេលដែលអ្នកកំពុងវេទនាផ្លូវចិត្ត វិធីល្អគួរចែករំលែកឬប្រាប់រឿងទាំងនោះទៅមនុស្សដែលអ្នកទុកចិត្ត ជាជាងបញ្ចេញអារម្មណ៍មិនល្អលើបណ្ដាញសង្គមបែបនេះ។ ភាពស្ងប់ស្ងាត់ នឹងមើលទៅគួរឲ្យស្រលាញ់ជាងអ្វីៗទាំងអស់។

២. រូបថតអាក្រក់របស់ខ្លួនឯង ឬរបស់អ្នកដទៃ
មនុស្សស្រីឆ្លាតនឹងមិនផុសរូបអាក្រក់ៗរបស់អ្នកដទៃ ឬរូបខ្លួនឯងលើបណ្ដាញសង្គមនោះឡើយ។ វាជាការបង្ហាញពីការមិនចេះផ្ដល់តម្លៃដល់ខ្លួនឯង និងមិនគោរពសិទ្ធឯកជនរបស់គេផងដែរ។

៣. លេងសើចឥតប្រយោជន៍
ការសរសេរលេងសើចឥតប្រយោជន៍ ដោយសរសេរកុហកលេងក៏ជាបញ្ហាមួយដែរ។ តម្លៃធំបំផុតរបស់មនុស្សស្រី គឺភាពថ្លៃថ្នូរ ដូច្នេះកុំដោយសារអារម្មណ៍មួយឆាវ ធ្វើឲ្យជះឥទ្ធិពលដល់តម្លៃរបស់ខ្លួនឲ្យសោះ។ ត្រូវចាំថា ការកំប្លុកកំប្លែងអាចធ្វើឲ្យគេសើច តែបើវាជ្រុលហួសដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ នោះគឺជារឿងត្រូវចៀសវាង។

៤. រអ៊ូពីកន្លែងធ្វើការ
នៅកន្លែងធ្វើការតែងចៀសមិនផុតពីបញ្ហាលំបាក រងសម្ពាធ ការមិនយល់ស្របគ្នាជាមួយអ្នកធ្វើការជាមួយគ្នា ឬជាមួយមេ ជាដើម។ តែយ៉ាងណាក៏ដោយ កុំប្រញាប់ខឹងខ្លាំងរហូតទប់ចិត្តមិនបានហ៊ានដល់ប្រមាថក្រុមហ៊ុនលើបណ្ដាញសង្គម។ វិធីនេះ មិនអាចជួយអ្វីបាននោះទេ គឺមានតែបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ៕