រោគសញ្ញាកូវីដ១៩ ទូទៅមួយចំនួន គ្នាយើងច្បាស់ជាបានដឹង បានឮឡើងសឹកត្រចៀកហើយដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក និយាយទៅគឺស្រដៀងនឹងរោគសញ្ញាជំងឺផ្ដាសាយធម្មតា យើងអាចច្រឡំគ្នាបាន។ រោគសញ្ញានៃជំងឺកូវីដ-១៩ លេចឡើងទៅតាមកម្រិតដែលយើងឈឺពីស្រាល ទៅមធ្យម ទៅធ្ងន់ធ្ងរ ហើយចំពោះបុគ្គលមួយចំនួនអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាទេ។ ភាពខុសគ្នារវាងរោគសញ្ញាកូវីដ១៩ទាំង ៤ កម្រិតមានដូចជា៖

១. គ្មានរោគសញ្ញា៖ ករណីនេះ មានន័យថា យើងអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ពិសេសបើយើងរស់នៅជាមួយអ្នកកើតកូវីដ-១៩ តែយើងគ្មានរោគសញ្ញា។ ទោះជាយ៉ាងណា យោងតាមការសិក្សារបស់ Pubmed សហរដ្ឋអាមេរិក បានអះអាងថា ចំនួនមនុស្សវិជ្ជមានកូវីដ-១៩ តែមិនមានរោគសញ្ញាមានភាគរយតិចបំផុត គឺប្រហែល មនុស្ស ១នាក់ ក្នុងចំណោមមនុស្ស ៥នាក់។

២. ស្រាល និង មធ្យម៖ អ្នកជំងឺកម្រិតស្រាល មានរោគសញ្ញាដូចជំងឺផ្ដាសាយដែរដូចជា ក្អកស្ងួត និងគ្រុនក្ដៅ ប៉ុន្តែ កម្ដៅអាចឡើងមិនដល់ ៣៧,៨ អង្សាសេទេ ហើយពេលខ្លះអាចក្អកតិចតួច ឬមិនក្អកសោះតែម្ដង។ ក្រៅពីនេះ អ្នកជំងឺអាចមានរោគសញ្ញាដូចជា៖
– ហិតមិនដឹងក្លិន ឬញ៉ាំមិនដឹងរសជាតិ
– ល្វើយ អស់កម្លាំង
– ឈឺសាច់ដុំ ឬឈឺក្បាល
– ឈឺក
– តឹងច្រមុះ ឬហៀរសម្បោរ

៣. ធ្ងន់ធ្ងរ៖ ករណីធ្ងន់ធ្ងរមានន័យថា អ្នកជំងឺកូវីដ-១៩ អាចមានការរលាកសួតហើយ។ ករណីធ្ងន់ធ្ងរមានភាគរយកើតឡើងខ្ពស់ ប្រសិនបើយើងមានវ័យចាស់ ឬមានស្ថានភាពសុខភាពណាមួយដែលធ្វើឲ្យយើងងាយរងគ្រោះ។ រោគសញ្ញាកូវីដ-១៩ ក្នុងករណីធ្ងន់ធ្ងរមានដូចជា៖
– ពិបាកដកដង្ហើម
– ពិបាកនិយាយ
– ឈឺចុងទ្រូង ពោះ ឬខ្នងពេលដកដង្ហើម
– សីតុណ្ហភាពរាងកាយខ្ពស់

៤. គ្រោះថ្នាក់៖ ចំពោះករណីគ្រោះថ្នាក់ អាចវិវត្តពីករណីធ្ងន់ធ្ងរ បណ្ដាលឲ្យអ្នកជំងឺរលាកសួតខ្លាំង ហើយវាកាន់ប្រឈមគ្រោះថ្នាក់ បើអ្នកជំងឺជាមនុស្សចាស់ និងមានស្ថានភាពសុខភាពមិនល្អ ឬមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែមជាដើម។ អ្វីដែលគ្រោះថ្នាក់បំផុតនៃអ្នកជំងឺក្នុងដំណាក់កាលនេះគឺ មេរោគឆ្លងចូលទៅក្នុងឈាម (Sepsis) ហើយបណ្ដាលឲ្យសរីរាង្គដទៃទៀតឈប់ធ្វើការ។ ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារទាំងអស់គ្នា ដើម្បីយកឈ្នះកូវីដឱ្យបាន៕