ជាការពិត វាតែងតែមានពេលណាមួយដែលសមាជិគ្រួសារមានភាពមិនចុះសម្រុងនឹងគ្នា ប៉ុន្តែអ្នកត្រូវតែចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ហើយស្វែងរកដំណោះស្រាយលើបញ្ហា ជាជាងការដើរចេញមិនដោះស្រាយបញ្ហានោះ។ ចូរអនុវត្តយុទ្ធសាស្រ្តទាំង៤នេះ បើចង់ឲ្យគ្រួសារមានភាពរីករាយ៖

១. ចូរធ្វើការទំនាក់ទំនងដោយបើកចំហរ
ការនិយាយគ្នាដោយបើកចំហរ គ្មានលាក់បាំង គឺជាកត្តាមួយដ៏សំខាន់ក្នុងការកសាងសេចក្តីទុកចិត្ត ក្នុងក្រុមគ្រួសារ។

២. បង្ហាញភាពពេញចិត្តឲ្យច្រើនតាមតែអាចធ្វើបាន
ប្រសិនបើអ្នកពេញចិត្តនឹងស្វាមីរបស់អ្នក ដែលចូលរួមរាល់កម្មវិធីសាលារបស់កូនៗរបស់អ្នក មិនថាទោះបីជាថ្ងៃដែលគាត់ហត់នឿយខ្លាំងពីកន្លែងធ្វើការក៏ដោយដូច្នេះអ្នកគួរតែបង្ហាញភាពពេញចិត្តនោះឲ្យគាត់ដឹង។ ដូចគ្នាដែរ ប្រសិនបើអ្នកស្ងើចសរសើរចំពោះពិន្ទុគណិតវិទ្យារបស់កូនស្រីអ្នក អ្នកគួរនិយាយឲ្យគេដឹង។

៣. ចូរផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក
អ្នកប្រហែលជាចូលចិត្តការនិយាយគ្នាយូរៗជាមួយនឹងកូនប្រុសស្រីរបស់អ្នក ប៉ុន្តែអ្នកគួរគោរពភាពឯកជនរបស់ពួកគេខ្លះ ដូចជាអ្នកអាចចាកចេញពីបន្ទប់របស់គេនៅពេលដែលពួកគេនិយាយទូរស័ព្ទជាមួយមិត្តភក្តិ។

៤. ចូរចំណាយពេលដ៏មានន័យជាមួយគ្នា
ប្រសិនបើកូនរបស់អ្នកចាកចេញពីផ្ទះ ដោយសារគេត្រូវទៅរៀននៅសាលាដែលឆ្ងាយពីផ្ទះ ចូររៀបចំពេលវេលាដើម្បីជួបជាមួយពួកគេ៕