មានបងប្អូនមួយចំនួនគាត់តែងតែរអ៊ូដូចៗគ្នាថា ទាល់តែលាបម្សៅទើបមុខស្អាត ប្រសិនបើហ៊ានតែឈប់លាបនឹងលែងស្អាត ហើយអ្នកខ្លះពេលឈប់លាបគឺអាក្រក់លើសដើមទៀតផង តើបណ្ដាលមកពីអ្វី? ជុំវិញរឿងរ៉ាវដ៏រសើបមួយនេះ អ្នកស្រីវេជ្ជបណ្ឌិត ស៊ូ វ៉ាន់ដា ដែលជាអ្នកឯកទេសរោគសើស្បែកនិងបានបញ្ចប់ការសិក្សាមកពី វៀតណាម និង ឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុងបម្រើការងារនៅគ្លីនិក រស្មីសោភា និង គ្លីនិក រ៉ាត់តាផុង បានលើកឡើងថា៖ តាមការពិតទៅ គឺដោយសារតែកត្តាសារធាតុផ្សំមួយចំនួនដែលអ្នកផលិតបានដាក់លាយចូលក្នុងផលិតផលទាំងនោះ ដើម្បីធ្វើឱ្យអ្នកលាបទទួលបានផ្ទៃមុខស្អាត និងមានការពេញចិត្តកំឡុងពេលលាប។

វេជ្ជបណ្ឌិតបន្តថា ភាគច្រើនពពួកសារធាតុដែលគេតែងតែយកមកលាយនៅក្នុងផលិតផលនោះមានដូចជា៖
-សារធាតុ ស្ដេរ៉យ (Steroid) ដែលយកចេញពីប្រភេទថ្នាំសម្រាប់លាបឱ្យស្បែកបាតរមាស់ ស្នាម បំបាត់រោល ស្នាមក្រហមនៅលើស្បែកជាដើម។
-សារធាតុបារ៉តរាវ ដែលជាសារធាតុប្រើសម្រាប់ដាក់ក្នុងឡេ ឬ ផលិតផលលាបស្បែក ដើម្បីឱ្យស្បែកមានសភាពឆាប់ ស ស្បែកភ្លឺថ្លា ។

ជាក់ស្ដែងនៅពេលសារធាតុទាំងអស់នេះជ្រៀបចូលក្នុងស្បែក ពោលគឺសារធាតស្ដេរ៉យ ធ្វើឱ្យសរសៃឈាមក្រោមស្បែកត្បៀតតូចជាលទ្ធផលធ្វើឱ្យស្បែកបាត់ក្រហមហើយមានសភាពសស្លេក។ លើសពីនេះ ទៀតសារធាតុនេះមានសកម្មភាពទប់ស្កាត់ការលូតលាស់របស់កោសិកាស្បែកនិងការផលិតការឡាហ្សែនទៀតផង។ ចំណែកឯសារធាតុបារ៉តនឹងចាប់ផ្ដើមធ្វើឱ្យស្បែកមានសភាពសតាមរយៈការប្រឆាំងនឹងការផលិតសារធាតុមេឡានីន(Melanin)ដែលមានតួនាទីផ្ដល់ពណ៌ដល់ស្បែក ដូច្នេះហើយទើបពេលបងប្អូនលាបម្សៅឬឡេទៅ ធ្វើឱ្យស្បែកស និងពេលឈប់លាបធ្វើឱ្យស្បែកប្រែជាខ្មៅមកវិញគឺដោយសារតែស្បែកលែងទទួលសារធាតុបារ៉តដែលគ្មានអ្វីមកទប់ស្កាត់ការលូតលាស់នៃកោសិកាមេឡានីន បន្ថែមពីនេះសារធាតុទាំងនោះនឹងធ្វើឱ្យស្បែកវិវត្តទៅរកការសឹករិចរីលពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យស្រទាប់ស្បែកចាប់ផ្ដើមចុះខ្សោយគ្មានសមត្ថភាពក្នុងការទប់ទល់នឹងកម្ដៅព្រះអាទិត្យឬ អាកាសធាតុខាងក្រៅ៕