រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបខ្លះៗរួចមកហើយពីវត្តមានលោក ដួង វីរៈសិទ្ធ រួមជាមួយនឹងកញ្ញា មាស សុខសោភា ឈានជើងចូលក្នុងផលិតកម្មរាម ដែលកាលពីពេលថ្មីៗនេះតារាប្រុសស្រីទាំងពីរនេះថែមទាំងបានចេញបទចម្រៀងឆ្លើយឆ្លងគ្នាថែមទៀតផង ជាហេតុធ្វើឲ្យអ្នកគាំទ្រហាក់សម្តែងការត្រេកអរចំពោះការចេញបទរួមគ្នាខាងលើនេះ។

យ៉ាងណាមិញថ្វីបើលោក ដួង វីរៈសិទ្ធិ បានចេញបទចម្រៀងជាបន្តបន្ទាប់នៅក្នុងផលិតកម្មរាមយ៉ាងណាក្ដី ស្របពេលដែលប្រជាប្រិយភាពរបស់លោកក៏នៅតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត ហ្វេនៗរបស់លោក ស្រាប់តែពេលនេះលោក ដួង វីរៈសិទ្ធិ បែរជាបង្ហោះសារថាលោកចង់សម្រាកខួរក្បាលមួយរយៈពីការនិពន្ធបទចម្រៀងទៅវិញ។ លោក ដួង វីរៈសិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «មានអារម្មណ៍​ថាខួរក្បាលត្រូវការសម្រាក​ ផ្អាកពីការនិពន្ធមួយរយៈសិន​ សូមអរគុណ​»។

ទោះបីជាយ៉ាងនេះក្ដីគេនៅមិនទាន់ដឹងថា តើព្រោះតែមូលហេតុខាងលើនេះពិតជាធ្វើឲ្យលោក ដួង វីរៈសិទ្ធិ សម្រេចចិត្តផ្អាកការនិពន្ធមួយរយៈនោះឬយ៉ាងណា ខណៈគេក៏នៅមិនទាន់ដឹងថាតើពេលណាទើបលោកនឹងវិលត្រឡប់មកនិពន្ធបទចម្រៀងជាថ្មីម្ដងទៀតនោះនៅឡើយទេ៕