បច្ចុប្បន្ន ការដើរព្រៃកំពុងពេញនិយមណាស់ ពិសេសក្នុងក្រុមយុវវ័យគ្នាយើង តែងចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ ចុះមានដឹងថា ដើរផ្សងព្រេង បោះតង់ក្នុងព្រៃ មានប្រយោជន៍អីខ្លះអត់

១. អាចគេចផុតពីជាតិពុលក្នុងបរិយាកាស
ព្រៃ គឺនៅឆ្ងាយពីទីក្រុងឬតំបន់ឧស្សាហកម្ម មានខ្យល់បរិសុទ្ធ និងគ្មានជាតិពុលក្នុងបរិយាកាសនោះទេ។ អំឡុងសម្រាកលំហែកាយក្នុងព្រៃ យើងនឹងដកដង្ហើមជាមួយបរិយាកាសបរិសុទ្ធ ផ្ទុយពីខ្យល់ដែលមានក្នុងទីក្រុងជាច្រើន ពោរពេញដោយខ្យល់កខ្វក់ ដែលធ្វើឲ្យយើងងាយថប់ដង្ហើម។ ចំណាយពេលខ្លះនៅក្នុងព្រៃ ជាមួយនឹងខ្យល់បរិសុទ្ធ គ្មានជាតិពុល អាចនឹងធ្វើឲ្យយើងកាន់តែស្និទ្ធស្នាលជាមួយធម្មជាតិ។

២. ជួយផ្តាច់ខ្លួនចេញពីឧបករណ៍អេឡេត្រូនិក
សព្វថ្ងៃនេះ ជីវិតមនុស្សយើង ត្រូវបានគាបសង្កត់ដោយពពួកឧបករណ៍អេឡិចត្រូនិក ពោរពេញដោយជាតិវិទ្យុសកម្ម ពិសេសគឺទូរសព្ទវ័យឆ្លាតតែម្តង។ ប៉ុន្តែនៅក្នុងព្រៃ បណ្តាញទូរសព្ទ មិនជាល្អនោះឡើយ អាចជួយយើងចាកឆ្ងាយពីទូរសព្ទដែលតែនៅជាប់ខ្លួនយើងគ្រប់ពេលវេលានោះ និងជំនួសមកវិញនូវភាពស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួន ដែលចូលរួមបោះតង់ជាមួយយើង។

៣. ជួយកាត់បន្ថយបញ្ហាស្ត្រេសយ៉ាងមានប្រសិទ្ធភាព
ព្រៃជាកន្លែងដ៏អស្ចារ្យ អាចជួយព្យាបាលយើងទាំងអស់គ្នាចេញពីភាពស្ត្រេសយ៉ាងមានប្រសិទ្ធភាព។ អំឡុងពេលកំពុងបោះតង់កម្សាន្តជាមួយធម្មជាតិព្រៃភ្នំ យើងមិនចាំបាច់ធ្វើការងារផ្សេងៗ មិនចាំបាច់ធ្វើអ្វីតាមកាលវិភាគបានរៀបចំទុក នាំឲ្យភាពតានតឹង ជាហេតុនាំឲ្យបញ្ហាស្ត្រេសទាំងអម្បាលម៉ាន ត្រូវរលាយក្លាយជាខ្យល់បាត់ចេញពីជីវិតយើងភ្លាមៗ។ លើសពីនេះ បោះតង់ក្នុងព្រៃថែមទាំងអាចជួយជំរុញថាមពលរាងកាយខ្លាំងក្លា ហើយនៅពេលយើងត្រឡប់ទៅធ្វើការវិញ ក៏មានអារម្មណ៍ស្រស់ស្រាយ និងផ្ចង់អារម្មណ៍បានល្អថែមទៀត៕