សណ្ឋាគារនីមួយៗតែងតែព្យាយាមយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យភ្ញៀវមកស្នាក់នៅមានអារម្មណ៍ដូចជាផ្ទះរបស់ពួកគេទោះបីជាស្នាក់នៅឆ្ងាយក៏ដោយ។ ស្របពេលគ្នានេះដែរ មានភ្ញៀវមួយចំនួនមានទម្លាប់គិតថា គ្រាន់តែបង់ថ្លៃបន្ទប់ស្នាក់នៅគឺគ្រប់គ្រាន់ហើយដោយមិនចាំបាច់យកចិត្តទុកដាក់អ្វីនោះទៀតទេ។ យ៉ាងណាមិញ ខាងក្រោមនេះជាមាយាទទំាង ៥ ដែលអ្នកស្នាក់នៅបន្ទប់សណ្ឋាគារគួរតែអនុវត្តតាមរួមមាន៖

១. ចៀសវាងបត់កន្សែងពោះគោកខ្វក់
បុគ្គលិកសណ្ឋាគារជាច្រើននិយាយថា វិធីទុកដាក់កន្សែងពោះគោឲ្យបានត្រឹមត្រូវនោះគឺទុកនៅកន្លែងមួយជាក់លាក់ដូចជាក្នុងអាងទឹក ឬ លើកកម្រាលបន្ទប់ទឹក។ ការទុកដាក់បែបនេះគឺដើម្បីចៀសវាងការច្រឡំជាមួយនឹងកន្សែងថ្មី។ ដូច្នេះ មុននឹងចេញពីបន្ទប់សណ្ឋាគារ អ្នកមិនចាំបាច់បត់កន្សែងដើម្បីជាទម្លាប់គួរសមនោះទេ។

២. ចៀសវាងរៀបចំគ្រែគេង
ជាធម្មតា មុនចេញពីបន្ទប់អ្នកតែងមានទម្លាប់សម្អាតបន្ទប់តាមកន្លែងសំខាន់ៗដូចជា ប្រមូលសក់ចេញពីកន្លែងបង្ហូរទឹកនិងជូតសម្អាតសារធាតុរាវដែលប្រឡាក់នៅលើកន្លែងផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ធ្វើរឿងអស់ទាំងនេះទេព្រោះអ្នកសម្អាតនៅសណ្ឋាគារនឹងប្រមូលសម្ភារៈដែលប្រើប្រាស់ហើយទុកមួយឡែក។

៣. ទុកលុយទឹកតែ ឬ tips
ការឲ្យលុយទឹកតែនៅក្នុងឧស្សាហកម្មផ្តល់សេវាពិតជាគួរឲ្យសរសើរសម្រាប់បុគ្គលិកក៏ព្រោះតែភាគច្រើនពួកគេពុំសូវទទួលបានប្រាក់ខែច្រើនប៉ុន្មាននោះទេ។ ជាការប្រសើរ បុគ្គលិកសណ្ឋាគារធ្វើការហត់ជាងអ្វីដែលអ្នកគិត អ្នកគួរតែចងចាំថាជារៀងរាល់ថ្ងៃអ្នកសម្អាតអាចនឹងផ្លាស់ប្តូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ដូច្នោះ ប្រសិនបើអ្នកចង់ឲ្យលុយទឹកតែ អ្នកគប្បីសរសេរក្រដាសអរគុណបូកជាមួយប្រាក់ដែលចង់ឲ្យនោះដើម្បីឲ្យបុគ្គលិកទាំងនោះបានទទួលទាំងអស់គ្នា។

៤. ខ្ចប់សំរាមរបស់អ្នក
ជាទម្លាប់ល្អ អ្នកមិនគួរចោលសំរាមពាសវាលពាសកាលឡើយ ផ្ទុយទៅវិញអ្នកគួរតែចោលវាក្នុងធុងឲ្យបានត្រឹមត្រូវ។ ប្រសិនបើគ្មានធុងគួរតែខ្ចប់ក្នុងថង់ប្លាស្ទិចមួយឲ្យបានសមរម្យ ទម្លាប់បែបនេះគឺជាទម្លាប់ដែលអ្នកធ្វើដំណើរភាគច្រើនតែងតែធ្វើ។

៥. បើកបង្អួចដើម្បីឲ្យខ្យល់បរិសុទ្ធចូលក្នុងបន្ទប់
អ្នករៀបចំបន្ទប់សណ្ឋាគារតែងប្រញាប់សម្អាតបន្ទប់នីមួយៗដើម្បីឲ្យភ្ញៀវដទៃឆាប់បានចុះឈ្មោះចូលស្នាក់នៅ។ ជាទម្លាប់ល្អមុនពេលអ្នកចាកចេញ អ្នកគួរតែបើកបង្អួញដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ នេះបើតាមអ្នកគ្រប់គ្រងបន្ទប់សណ្ឋាគារជាច្រើនបានលើកឡើង៕