រដ្ឋធានីហាណូយ៖ សារព័ត៌មានវៀតណាម (Vnexpress) បានផ្សាយ នៅថ្ងៃទី២៩ ខែមិថុនា ថា បណ្ឌិត្យសភាវិទ្យាសាស្រ្ដ​ និងបច្ចេកវិទ្យាវៀតណាម ហៅកាត់​ VAST បានរកឃើញវិធីសាស្រ្ដមួយ កាត់បន្ថយដំណើរការសំយោគ នៃឱសថប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលអាចជួយឲ្យកាត់បន្ថយ ដល់ការចំណាយក្នុងការផលិតឱសថនេះផងដែរ។​

មន្រ្ដីជំនាញ បានបញ្ជាក់ថា វិទ្យាស្ថានគីមីវិទ្យា ចំណុះឲ្យ VAST បានប្រកាស កាលពីពេលថ្មីៗនេះថា ខ្លួនបានគ្រប់គ្រងការកាត់បន្ថយនូវការសំយោគ សម្រាប់ឱសថ Favipiravil ដែលជាឱសថប្រឆាំងនឹងមេរោគ ពីចំនួន៧-៨ដង ឲ្យមកនៅត្រឹមតែ៣តែប៉ុណ្ណោះ។ នេះមានន័យថា ការចំណាយលើការផលិត នឹងចុះថោកខ្លាំង ហើយវាសមល្មម សម្រាប់សមត្ថភាពការផលិតឱសថរបស់វៀតណាម។​

យន្ដការ នៃការផលិត​ឱសថ Favipiravil គឺស្រដៀងនឹងថ្នាំ Remdesivir ដែលជាឱសថប្រឆាំងនឹងវីរុស​ផ្សេងៗទៀត។ ឱសថ Remdesivir ត្រូវបានគេប្រើប្រាស់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ​នៅក្នុងប្រទេសមួយចំនួន ដូចជា ចិន ជប៉ុន និងរុស្ស៊ី។ ឱសថ Favipiravil ​ក៏ត្រូវបានគេអនុញ្ញាតឱ្យព្យាបាលជំងឺកូវីដ​-១៩ នៅក្នុងប្រទេសជប៉ុន ឥណ្ឌា និងរុស្ស៊ី ក្រោមបទប្បញ្ញត្តិការប្រើប្រាស់បន្ទាន់។ ឥឡូវ ឱសថនេះកំពុងស្ថិតក្នុងដំណាក់កាលទីបី នៃការសាកល្បងលើមនុស្ស សម្រាប់ការព្យាបាលជំងឺ​-១៩ នៅក្នុងប្រទេសមួយចំនួន។

ក្រុមអ្នកស្រាវជ្រាវរបស់វៀតណាម បានបញ្ជាក់ថា ការស្រាវជ្រាវនេះ ​កាត់បន្ថយដំណើរការសំយោគ​ បានចាប់ផ្ដើម កាលពីខែសីហា ឆ្នាំ២០២០ ដើម្បីកំណត់ពីការពឹងផ្អែករបស់វៀតណាម លើការនាំឱសថចូល។​

លោកវេជ្ជបណ្ឌិត Nguyen Van Tuyen ប្រធានបណ្ឌិត្យសភាវិទ្យសាស្រ្ដ និងបច្ចេកវិទ្យា បានថ្លែងថា ក្រុមអ្នកស្រាវជ្រាវ នឹងបន្ដ​ធ្វើឱ្យប្រសើរឡើង និងធ្វើឱ្យដំណើរការ នៃការសំយោគមានស្ថិរភាព ហើយយើងរំពឹងថា នឹងទទួលបានប៉ាតង់ (Patent) លើឱសថនេះផងដែរ។​

រលកទី៤ នៃជំងឺកូវីដ-១៩ បានវាយលុកចូល​ក្នុងសហគមន៍របស់ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក មានអ្នកឆ្លង ចំនួន ១២ ៧៨៨នាក់ នៅក្នុងក្រុង និងខេត្ត ចំនួន៤៨។ បើគិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមិថុនា វៀតណាមមានអ្នកឆ្លងសរុប ១៦ ០៤១នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦ ៥១៩នាក់ និងស្លាប់៧៦នាក់៕