រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន ក្រុមជើងកាងឆ្នោតវៀតណាម K9 បានជិះសុទ្ធតែរថយន្តស៊េរីទំនើប ពាក់ស្លាកលេខ ខេមភូមិន្ទ បានដើរអុកឡុក និងគំរាមអ្នកកត់ឆ្នោតនៅខេត្តកំពត។ លុះពេលលោកផែង វណ្ណៈ ធ្វើការផ្សព្វផ្សាយ ស្រាប់តែមានលោកឧកញ៉ាម្នាក់ជាថៅកែឆ្នោតវៀតណាម K9 បានទូរស័ព្ទទៅលោកផែង វណ្ណៈ តែលោកផែង វណ្ណៈ មិនទទួលទូរស័ព្ទ។

លុះរំលងបាន១យប់ ឧកញ៉ាថៅកែឆ្នោតនោះ បានឲ្យបុរសម្នាក់ត្រូវជាមិត្តភក្តិលោកផែង វណ្ណៈ ទូរស័ព្ទទៅលោកផែង វណ្ណៈ សុំឲ្យប្រាក់៥០០០ដុល្លារប្រចាំខែ បើលោកផែង វណ្ណៈ មិនផ្សាយរឿងនេះ តែយ៉ាងណាករណីនេះ មិនបានសម្រេចឡើយ គឺត្រូវលោកផែង វណ្ណៈ បដិសេធមិនយកលុយបែបថោកទាបនេះឡើយ ។

យោងតាមគណនីហ្វេសប៊ុកលោកផែង វណ្ណៈ ដែលបង្ហោះកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ មានខ្លឹមសារថា « យប់ម៉ិញនិយាយរឿងថៅកែឆ្នោតយួន K9 កំពុងអុកឡុកនៅខេត្តកំពត ស្រាប់តែលោកឧកញ៉ាថៅកែទូរស័ព្ទមកទាំងយប់ ។ ខ្ញុំអត់ទទួលទូរស័ព្ទលោកឧកញ៉ាទេ ។ លុះព្រឹកឡើងឃើញពួកម៉ាកទូរស័ព្ទមកម្ដង ដោយសុំថា កុំផ្សាយរឿងឆ្នោតរបស់លោកឧកញ៉ា នៅខេត្តកំពត លោកឧកញ៉ាសុំបង់ឲ្យខ្ញុំ១ខែ ៥០០០ដុល្លារ ។

ហ៊ឺយ លុយ៥០០០ដុល្លារច្រើនណាស់ បើអ្នកស្រលាញ់លុយអាចនឹងឆ្លើយអូខេជាមួយគេហើយ តែសម្រាប់ខ្ញុំ ទោះបីមិនមានលុយហូរហៀរ តែត្រឹមមួយថ្ងៃបាយ៣ពេល ខ្ញុំរស់រហូតដល់ថ្ងៃស្លាប់ ក៏មិនខ្វះបាយហូបដែរ។ ដូច្នេះ សូមមេត្តាកុំយកលុយមកទិញទឹកចិត្តខ្ញុំអី ខ្ញុំមិនត្រូវការលុយល្បែងស៊ីសងខុសច្បាប់ថោកទាបបែបនេះទេ ។ ជាពិសេស ដើរដើរបាបមនុស្សទន់ខ្សោយ ដើម្បីប្រយោជន៍ខ្លួនឯង ទោះស្លាប់ក៏ខ្ញុំមិនធ្វើដែរ ។ យប់នេះជួបគ្នាអំពីរឿងនេះបន្តទៀត តើឧកញ៉ានោះជាអ្នកណា ? ខ្ញុំនឹងជំរាបនៅយប់នេះ»។ ជុំវិញនឹងករណីនេះ «KBN» រង់ការចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕