រាជធានីភ្នំពេញ ៖ ពិតណាស់ដែលថា​គ្រប់ជីវិតមនុស្សប្រុសស្រីទាំងអស់ គឺតែងតែបានជួបប្រទះនូវបញ្ហា ក្ដីកង្វល់ ឬវិបត្តិផ្សេងៗគ្នា ឬដូចគ្នាដែលអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។ តួយ៉ាងមនុស្សមួយចំំនួនតែងគិតព្រួយបារម្ភថាបញ្ហាទាំងឡាយនោះអាចនឹងធំពេក មិនអាចដោះស្រាយបាន រហូតតម្រូវឲ្យខ្លួនគិតអ្វីមិនចេញ ទៅសម្ងំនៅតែម្នាក់ឯង ឬអាចឈានទៅដល់ការធ្វើអត្តឃាតខ្លួនក៏មាន។ ក៏ប៉ុន្តែរាល់បញ្ហាប្រឈម ក្ដីកង្វល់ទាំងឡាយនោះ គឺសុទ្ធតែមានដំណោះស្រាយ គ្រាន់តែពេលខ្លះយើងត្រូវការពេលវេលាមួយរយៈ អាចនឹង ១ថ្ងៃ ២ថ្ងៃ ឬមួយខែ ២ខែ និងអាចឈានទៅដល់រាប់ឆ្នាំក៏មាន គ្រាន់តែថាតើយើងពិតជាក្លាហានដើម្បីបន្តស្វែងរកដំណោះស្រាយដោយមិនមានភាពភ័យស្លន់ស្លោរ ឬក៏ក្ដីព្រួយបារម្ភជ្រុលពេកដែរឬទេ?

ភាពភ័យខ្លាច គឺជាស្រមោលដែលអាចនឹងអន្ទោលតាមប្រាណ និងមាននៅក្នុងខ្លួនរបស់មនុស្សគ្រប់ៗគ្នា ហើយវានឹងកាន់តែលេចចេញឡើងប្រសិនបើយើងព្យាយាមដាស់វាឡើង ឬលើកនិយាយពីវា។ តាមពិតទៅ ភាពភ័យខ្លាចភាគច្រើនកើតចេញពីបំភ័យខ្លួនឯង ហើយវាបានក្លាយជាអាវុធវាយប្រហារផ្លូវចិត្តរបស់មនុស្សបានយ៉ាងងាយ។ យ៉ាងណាមិញ បើបានជួបបញ្ហា ឬក្ដីកង្វល់ទាំងឡាយដែលបានជ្រៀតចូលក្នុងជីវិតអ្នកគួរតាំងចិត្តកុំឲ្យភាពភ័យខ្លាចគ្របសង្កត់ផ្លូវចិត្ត ជាពិសេសនោះត្រូវចងចាំថា ឲ្យតែនៅមានជីវិតនោះមានន័យថាអ្នកនៅតែមានក្ដីសង្ឃឹមដោះស្រាយបញ្ហាបានជាមិនខាន គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ៕