រាជធានីបាងកក៖ សារព័ត៌មាន The Nation បានផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ថា កម្មករខ្មែរជាង២០០នាក់ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែ​មិថុនា) បានបង្ហាញវត្ដមាន នៅចំណុចឆែកឆេរជនអន្ដោប្រវេសន៍ Kab Cherng ស្ថិតក្នុងខេត្តសុរិន្ទ ក្នុងដំណើរវិលត្រឡប់ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេវិញ ក្រោយពេលរដ្ឋាភិបាលថៃ បញ្ជាឲ្យបិទកន្លែងស្នាក់​នៅក្នុងការដ្ឋានសំណង់ នៅទីក្រុងបាងកក និងខេត្តភាគខាងត្បូង ចំនួន៤ផ្សេងទៀត ក្រោមហេតុផលទប់ស្កាត់​ជំងឺកូវីដ-១៩។

លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋម​ន្រ្ដីថៃ បានថ្លែង កាលពីថ្ងៃសុក្រ (ទី២៥ ខែមិថុនា) ខណៈធ្វើជាអធិបតី នៃកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ ថា លោកបានទាត់ចោលសំណើ សុំបិទទីក្រុងបាងកក និងតំបន់ជុំវិញ ក៏ដូចជា ខេត្តភាគខាងត្បូង ចំនួន៤ រួមមាន ខេត្ត Songkhla, Pattani, Yala និងខេត្ត Narathiwat ។ ​ប៉ុន្តែ​ផ្ទុយទៅវិញ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាឲ្យ​បិទ​ការដ្ឋានសាងសង់ ចាប់ពី​ពីថ្ងៃចន្ទ ទី២៨ ខែមិថុនា តទៅ ខណៈមានសេចក្ដីរាយការណ៍​ពីការឆ្លង ក្នុងរយៈពេលមួយខែ។​

លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ បានបញ្ជាក់ថា ក្រសួងការងារ​គួរតែ​សង​សំណង់ដល់ផលប៉ះពាល់ដល់កម្មករទាំងនោះ ទាំងជនជាតិថៃ និង​ជនអន្ដោប្រវេសន៍ ពាក់ព័ន្ធនឹងករណីនេះ។​

មន្រ្ដីប្រចាំការនៅចំណុចត្រួតពិនិត្យ បានបញ្ជាក់ថា ក្រោយពេល​មានបទ​បញ្ជាពីនាយករដ្ឋមន្រ្ដី​ថៃ នោះមក ​និយោជិតរបស់កម្មករ​ទាំងនោះ​គួរ​តែ​នាំពួកគេ តាមរថយន្ដ ដឹកទៅកាន់ប៉ុស្ដិ៍ត្រួតពិនិត្យ។ រីឯ​មន្រ្ដីព្រំដែន​ត្រូវ​តែ​បង្កើនល្បឿន ដោះស្រាយបញ្ហានេះ ដើម្បីកាត់បន្ថយនូវការកកស្ទះ នៅតាមចំណុចត្រួតពិនិត្យ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ពីការឆ្លង​កូវីដ-១៩ នៅក្នុងខេត្ត។​

មន្រ្ដីប្រចាំការប៉ុស្ដិ៍ត្រួតពិនិត្យ បានបន្ដថា «កម្មករដែលកំពុងរង់ចាំឆ្លងដែន ត្រូវបាន​​គេបញ្ជាឱ្យរក្សាយ៉ាងតឹងរឹង នៅឯប៉ុស្តិ៍ត្រួតពិនិត្យ និងចៀស​វាង​ការធ្វើដំណើរវង្វេងទៅកាន់សហគមន៍ ឬផ្សារក្បែរនោះ ដើម្បីការពារ​ការ​រីករាលដាល នៃមេរោគ។​ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មន្រ្ដី​អន្ដោប្រវេសន៍ជាច្រើននាក់ ប្រចាំការនៅប៉ុស្ដិ៍ត្រួតពិនិត្យ​ Kab Cherng បានរកឃើញឆ្លងកូវីដ-១៩ បើទោះជាមានវិធានការយ៉ាងតឹងរឹង គ្រប់គ្រង​ជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ៕​