រដ្ឋធានីសេអ៊ូល៖ ​កងទ័ពជើងអាកាសនារីរបស់កូរ៉េខាងត្បូងម្នាក់ បានធ្វើអត្ដឃាត ក្រោយពេលមានសេចក្ដីរាយការណ៍ថា នាងត្រូវបានសហសេវិករបស់នាងម្នាក់ បានចាប់នាងរំលោភ ហើយក្រុមគ្រួសាររបស់នាង នៅថ្ងៃចន្ទ (ទី២៨ ខែមិថុនា) បាន​អំពាវនាវឱ្យរដ្ឋសភា​ទទួលយកការស៊ើបអង្កេត លើករណីឧក្រិដ្ឋកម្មផ្លូវភេទ ពីក្រសួងការពារជាតិ យកទៅចាត់ការបន្ដ។​

សារព័ត៌មានកូរ៉េខាងត្បូង  (The Korea Herald)  បានផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ថា គ្រួសាររបស់នារីរងគ្រោះជឿថា ​កងទ័ពអាកាស មិនបានស៊ើបអង្កេតឲ្យបានល្អិតល្អន់ ក្រោយពេលជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ជុំវិញរឿងរ៉ាវដែលបានកើតឡើង។ ​ក្រុមគ្រួសារ នៅតែ​មានការសង័្សយ ចំពោះការស៊ើបអង្កេត​របស់ក្រសួងការពារជាតិ ដែលបានយកករណីនេះ ចេញពីកងទ័ពអាកាស ក្រោយពេលនាងត្រូវបានគេរកឃើញថាស្លាប់ ដោយសារការធ្វើអត្ដឃាត កាលពីថ្ងៃទី២២ ខែឧសភា។​

​​ឪពុករបស់ជនរងគ្រោះ បានថ្លែង នៅក្នុង​សន្និសីទកាសែតដំបូងរបស់គាត់ នៅក្នុងមន្ទីរពេទ្យយោធា នៅ​ទី​​ក្រុង Seongnam ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ថា ​យើងមិនមានអារម្មណ៍ថា ក្រសួងការពារជាតិ បានបំពេញភារកិច្ចនេះឲ្យពេញលេញនោះ​ទេ។ ​ក្រសួងកំពុងតែរៀបចំរុញការងារ​គ្រប់យ៉ាងទៅឲ្យគណៈកម្មាធិការស៊ីវិល។ តើនេះជាអ្វីដែលក្រសួងចង់ធ្វើឱ្យវែងឆ្ងាយឬ?​​

ឪពុករបស់ជនរងគ្រោះ បានបន្ដថា គាត់បានសំដៅទៅលើគណៈកម្មាធិការស៊ីវិល ដែលក្រសួង បានបង្កើតឡើង ដើម្បីផ្តល់ប្រឹក្សាដល់ព្រះរាជអាជ្ញាយោធា អំពីអ្វីដែលហៅថា ការស៊ើបអង្កេតប្រកបដោយតម្លាភាព។​ គណៈកម្មាធិការដែលផ្តល់អនុសាសន៍ដល់ព្រះរាជអាជ្ញា​គួរតែប្រឈមនឹងការកាត់ក្តី មើលទៅមិនមានភាពខ្លាំងក្លា ដូចពេលដែលមានការចោទប្រកាន់ពីបទឧក្រិដ្ឋ​។​

ក្រៅពីនេះ ឪពុករបស់ជនរងគ្រោះ ក៏​បានចោទប្រកាន់ដល់មន្រ្ដីប៉េអឹម លើករណីនេះ បើទោះជារឿងរ៉ាវ ​ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ក៏ពួកគេ​បានឆ្លើយតបយ៉ាងតិចតួចទៅនឹងបណ្តឹងដំបូង នៅក្នុងខែមីនា ប្រឆាំងនឹងជនជាប់ចោទឈ្មោះ Jang  ដែលត្រូវបានចោទប្រកាន់ កាលពីមួយសប្តាហ៍មុន ពីបទរំលោភផ្លូវភេទទៅលើជនរងគ្រោះ និងគំរាមធ្វើបាបនាង។ ប្រសិនបើនាងផ្តល់សក្ខីកម្ម ឬស្នើសុំឱ្យអ្នកដទៃ ផ្តល់សក្ខីកម្មប្រឆាំងនឹងរូបគេ។​

ការស៊ើបអង្កេតដំបូងបានរកឃើញថា ប៉េអឹម​មិនអើពើនឹងភ័ស្តុតាង ប្រឆាំងនឹងជនជាប់ចោទ ឈ្មោះ Jang នោះទេ។ ​ប៉ុន្តែមន្រ្តីកង​អាវុធហត្ថ ដែល​បានចុះទៅដល់មូលដ្ឋានកងទ័ពរបស់នារីរងគ្រោះដំបូង ត្រូវបានចោទប្រកាន់ ពីបទមិនបំពេញភារកិច្ច​។​

ទោះជាយ៉ាងណា នៅថ្ងៃចន្ទ (ទី២៨ ខែមិថុនា) រដ្ឋអាជ្ញាក៏បានសង្កត់ធ្ងន់ទៅលើការចោទពីបទឧក្រិដ្ឋ ប្រឆាំងនឹងមេបញ្ជាការប៉េអឹម ដែលទៅពិនិត្យមូលដ្ឋានយោធារបស់ជនរងគ្រោះ​។ មេបញ្ជាការប៉េអឹមរូបនោះ ត្រូវគេរំពឹងថា អាចប្រឈមនឹងការដាក់វិន័យតាមច្បាប់កងកម្លាំងផងដែរ។ ប៉ុន្ដែទីប្រឹក្សាស៊ីវិលរបស់គណៈកម្មាធិការនេះ បានទាមទារឲ្យនាំគាត់ទៅកាត់ទោសវិញ៕