ថ្ងៃនេះយើងនឹងលើកយកសកម្មភាពដែលអ្នកគួរមាន និងគួរជៀសវាងដើម្បីបង្ការការបៀតបៀននៃជំងឺផ្សេងៗ ពិសេសអំឡុងការរីករាលដាលនៃវីរុសកូវីដ១៩នេះតែម្ដង។

១.ការអនាម័យខ្លួន
ដូចជាការឧស្សាហ៍កាត់សម្អាតក្រចក ដុះសម្អាតខ្លួនប្រាណជាមួយសាប៊ូដែលមានគុណភាពនិងអាចកម្ចាត់មេរោគដែលតោកជាប់លើស្បែក ការលាងសម្អាតដៃឱ្យបានញឹកញាប់ជាដើម។បើសម័យកូវីដនេះផងត្រូវបន្ថែម៣កុំ៣ការពារថែមទៀត។

២.ជៀសវាងការរស់នៅជាមួយបញ្ហាស្រ្តេស
ស្រ្តេសយូរលើសពី១៤ថ្ងៃវាអាចនាំអ្នកទៅក្នុងបញ្ហាធ្លាក់ទឹកចិត្ត ហើយប្រព័ន្ធភាពសុំាងរាងកាយក៏អាចធ្លាក់ចុះខ្សោយផងដែរ ដែលងាយនឹងជាឱកាសរបស់ជំងឺផ្សេងៗជ្រៀតចូលឆាប់រហ័ស។ហេតុនេះបើស្រ្តេសល្មមៗ អ្នកអាចរកវិធីកម្ចាត់ចោលដូចជាហាត់ប្រាណបញ្ចេញញើស ទទួលទានដំណេកឱ្យគ្រប់គ្រាន់ ធ្វើអ្វីដែលអ្នកចូលចិត្តជាដើម។

៣.ជៀសវាងការជក់បារី
បារីផ្ទុកសារធាតុដែលប៉ះពាល់ដល់សុខភាពជាច្រើនមុខ ហើយក៏ជាអាវុធចាក់បំផ្លាញប្រព័ន្ធភាពសុំាយើងឱ្យរងរបួសផងដែរ។តាមអ្នកជំនាញចិត្តសាស្រ្តលើកឡើងថា ស្រាបារីសុទ្ធតែជាគ្រឿងដែលត្រូវជៀសវាងពិសេសពេលមានអារម្មណ៍ស្រ្តេស ក៏ដូចជាស្របពេលនឹងមានការរីករាលដាលនៃវីរុសកូវីដ១៩នេះដែរ គឺត្រូវជៀសវាង។

៤.ជៀសវាងពេលជួបវិបត្តិលែងយកចិត្តទុកដាក់លើខ្លួនឯង
ពេលជួបបញ្ហាផ្សេងៗ អ្នកប្រហែលបន្ទោសខ្លួនឯង គិតអវិជ្ជមានលើខ្លួនឯង ធ្វើបែបនេះសុខភាពអ្នកអាចរងផលប៉ះពាល់បន្ថែមដោយមិនដឹងខ្លួនទាំងរាងកាយនិងផ្លូវចិត្ត។ហេតុនេះពេលជួបបញ្ហាត្រូវ បង្កើនការថែរាងកាយ ស្រលាញ់ខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

៥.ដំណេកគ្រប់គ្រាន់
ដំណេកជា តម្រូវការដែលមនុស្សយើងមិនអាចខ្វះបាន នៅពេលគេងរាងកាយយើងនឹងមានសកម្មភាពជួសជុលកន្លែងខូចខាត ម្យ៉ាងទៀតវាក៏ជួយបង្ការការកើតមានជំងឺលើរាងកាយនិងផ្លូវចិត្តបានមួយចំនួនធំផងដែរ។សូមទទួលទានដំណេកយ៉ាងតិច៧ម៉ោងក្នុងមួយថ្ងៃដើម្បីសុខភាពរឹងមាំទៅថ្ងៃមុខ។

៦.យកចិត្តទុកដាក់លើអាហារដែលយើងទទួលទានរាល់ថ្ងៃ
ត្រូវញុំាអាហារដែលមាមផ្ទុកវីតាមីន សារជាតិចិញ្ចឹមគ្រប់គ្រាន់ ដូចជាបន្លែ ផ្លែឈើស្រស់ៗ ការញុំាទឹកឱ្យបានច្រើន ជៀសវាងអាហារដែលប្រៃពេក ផ្អែមពេក ហឹរពេកជាដើម។មួយវិញទៀតគឺគ្រឿងស្រវឹងសូមកាត់បន្ថយ ព្រោះវាជាគ្រឿងដែលអាចធ្វើឱ្យប្រព័ន្ធភាពសុំាចុះខ្សោយងាយរងការចម្លងពីមេរោគឬជំងឺផ្សេងៗ៕