រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ នេះអាជ្ញាធរបានចុះទៅដកហូតសត្វតោឈ្មោលរស់មួយក្បាល​ ដែលត្រូវ​បានបុរសជនជាតិចិនម្នាក់ បានយកមកចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ខណៈមានមតិជាច្រើនបានលើកឡើងផ្សេងៗគ្នាជុំវិញករណីមួយនេះ។

ទាក់ទិននឹងករណីជនជាតិចិនលួចចិញ្ចឹមសត្វតោរស់មួយក្បាលនេះដែរ កញ្ញា Cath ដែលភាគច្រើនប្រិយមិត្តបានស្គាល់នាងនៅតាមបណ្តាញសង្គមរួចមកហើយបានលើកឡើងយ៉ាងដូច្នេះថា «ចំពោះអ្នកដែលនិយាយថា ការចិញ្ចឹមសត្វព្រៃមិនខុសទេ ឬបើម្ចាស់ថែ គួរតែឲ្យម្ចាស់ចិញ្ចឹម។ នេះជាការគិតមួយដែលមិនស៊ីជម្រៅ ព្រោះមានរឿងមួយចំនួនដែលយើងត្រូវគិត៖
១. ការជួញដូរសត្វព្រៃមិនមែនដូចជួញដូរសត្វចិញ្ចឹមទេ។ សត្វព្រៃ ដូចជាតោដែលបានមកនេះ គឺអាចប្រសិនបើមិនមែនជាការបន្តពូជខុសច្បាប់ និងមិនមានជំនាញ គឺជាការចាប់សត្វពីព្រៃ។ ពេលដែលកូនសត្វទាំងនោះត្រូវបានចាប់ពីព្រៃ គឺត្រូវបំបែកពីមេ ហើយក្នុងករណីខ្លះ មេនោះត្រូវបានគេសម្លាប់ទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកដែលចាប់សត្វព្រៃអាចនឹងសម្លាប់សត្វព្រៃដទៃទៀតក្នុងគោលបំណងចាប់សត្វនោះមកលក់ធ្វើជាសត្វចិញ្ចឹម។ សត្វព្រៃដែលយើងឃើញនោះ គឺត្រូវបានបំបែកពីគ្រួសាររបស់វា។
២. សត្វព្រៃដែលចាប់ពីព្រៃយកមកធ្វើជាសត្វចិញ្ចឹមមួយចំនួនធំគឺស្លាប់នៅពេលដឹកជញ្ជូន។ ការដឹកជញ្ជូនសត្វព្រៃ ជារឿងមួយដែលខុសច្បាប់ អ៊ីចឹងមិនមែនដឹកជញ្ជូនតាមធម្មតាបានទេ។ ក្នុងករណីជាច្រើន សត្វទាំងនោះបានស្លាប់ដោយការមិនចេះយកចិត្តទុកដាក់។
៣. ដើម្បីយកសត្វព្រៃយកមកចិញ្ចឹមបាន ទាល់តែសត្វនោះត្រូវបានគេដកចង្កូម ឬដកក្រចក។ ដូចសត្វតោដែលយើងឃើញកាលពីប៉ុន្មានថ្ងៃនោះ គឺត្រូវបានគេដកចង្កូម និងដកក្រចក ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់មនុស្ស។ សាកគិតមើល បើគេដកធ្មេញ និងដកក្រចកដៃយើង តើយើងមានអារម្មណ៍បែបណា? នេះឬជាការមើលថែរបស់មនុស្សដែលស្រឡាញ់សត្វ?
៤. សត្វដែលបានដកចេញពីព្រៃហើយ ភាគច្រើនមិនអាចព្រលែងទៅព្រៃបានវិញទេ។ សត្វនោះអាចនឹងមិនចេះចាប់ចំណីដោយខ្លួនឯង ឬមិនអាចចាប់ចំណីដោយខ្លួនឯងដោយមិនមានក្រចក ឬចង្កូម។
៥. សត្វព្រៃមិនមែនជាសត្វចិញ្ចឹមទេ។ វាត្រូវនៅក្នុងព្រៃ។ ការជួញដូរសត្វព្រៃជារឿងខុសច្បាប់ ហើយក្នុងករណីជាច្រើន គឺវាពាក់ព័ន្ធជាមួយនឹងការជួញដូរអាវុធ ឬការជួញដូរគ្រឿងញៀន។
នៅពេលដែលយើងនិយាយថា ការចិញ្ចឹមសត្វព្រៃមិនមែនជារឿងដែលខុស គឺយើងកំពុងតែគាំទ្រចំណុចខាងលើនេះ ដែលជាកត្តាមួយនាំឲ្យសត្វព្រៃផុតពូជ។ តើនេះឬជាការស្រឡាញ់សត្វ?​»៕