ខេត្តកោះកុង ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានចេញសេចក្តីណែនាំដល់អភិបាលស្រុកសង្កាត់ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដែលធ្វើឡើងនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

យោងតាមលិខិត ដែលចុះហត្ថលេខាដោយអភិបាលខេត្តបានបញ្ជាក់ថា ការចុះហត្ថលបញ្ជាក់ទទួលស្គាល់លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈខ្លះ គឺជាទង្វើខុសច្បាប់។

រដ្ឋបាលខេត្តស្នើឲ្យលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដោយត្រូវបដិសេធមោឃភាព លិខិតនិងឯកសារទាំងឡាយណាដែលមានពាក់ព័ន្ធនឹងការកាន់កាប់និងការផ្ទេរសិទ្ធទាំងឡាយលើដីធ្លីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងបៀងអភិរក្សជីវៈចម្រុះដែលរដ្ឋបាលឃុំ សង្កាត់ បានចុះហត្ថលេខានាពេលកន្លងមក។

រដ្ឋបាលឃុំ សង្កាត់ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការចុះហត្ថលេខាបញ្ជាក់លើខិតសុំកាន់កាប់ ប្រើប្រាស់ដី ផ្ទេរសិទ្ធិទិញលក់ ហើយនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះរដ្ឋបាលឃុំ សង្កាត់ នៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ៕