រាជធានីតូក្យូ៖ សារព័ត៌មាន The Wall Street Journal បានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៥ ខែមិថុនា ឆ្នាំ២០២១) ថា ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba បានបោះឆ្នោត ប្រឆាំងនឹងលោក ​Osamu Nagayama មិនឲ្យឈរឈ្មោះបោះឆ្នោត ជាប្រធានក្រុមហ៊ុនសាជាថ្មី។

ការបោះឆ្នោតបណ្ដេញប្រធានក្រុមហ៊ុន Toshiba Corp ចេញពីតំណែងនេះ បានកើតឡើង នៅក្នុង​​កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ នេះ​ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងសកម្មភាពរបស់ម្ចាស់ភាគហ៊ុនក្រុមហ៊ុនជប៉ុនមួយនវ ដែលបានធ្វើឱ្យមានភាពចលាចលដល់កិច្ច​សហប្រតិបត្តិការ រវាងការគ្រប់គ្រងរបស់ក្រុមហ៊ុន Toshiba និងរដ្ឋាភិបាល ដើម្បីរារាំងវិនិយោគិនបរទេស។

ការបញ្ចប់មុខតំណែងរបស់លោក  Osamu Nagayama ដែលជាសរសរគ្រឹះដ៏យូរអង្វែង នៃពិភពសាជីវកម្មរបស់ជប៉ុនមួយនេះ ទំនងជាធ្វើឱ្យវិនិយោគិនបរទេសដទៃទៀត ​ជំរុញឱ្យមានការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន ដែលមាន​ភាគហ៊ុន នៅក្រុមហ៊ុនធំៗរបស់ជប៉ុន​។ Toshiba ជាក្រុមហ៊ុនឧស្សាហកម្មដ៏ធំ ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៨៧៥ បានទប់ទល់នឹងការអំពាវនាវរបស់វិនិយោគិនបរទេស ជំរុញឱ្យ​លក់ ដែលអាចនាំឱ្យផ្នែកខ្លះ នៃក្រុមហ៊ុន ត្រូវ​បែកបាក់។​

ដោយឡែកដើមចមជាបន្ទាន់ នៃការជ្រួលច្របល់របស់វិនិយោគិននេះ ត្រូវបានចេញ នៅក្នុងរបាយការណ៍មួយ ហើយបានចេញផ្សាយ កាលពី​ថ្ងៃទី១០ ខែមិថុនា ដោយ​​រកឃើញថា នាយកប្រតិបត្តិក្រុមហ៊ុន Toshiba និងសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួន បានធ្វើការជាមួយនឹងមន្រ្តី​នានា នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីរារាំងសំណើរបស់ម្ចាស់ភាគហ៊ុនបរទេស។​

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Toshiba នៅថ្ងៃសុក្រ (ទី២៥ ខែមិថុនា) នេះ ម្ចាស់ភាគហ៊ុនជាច្រើន ​បានរិះគន់ដល់ក្រុមហ៊ុន ចំពោះរបាយការណ៍នេះ ហើយថា លោក Nagayama មិនសមនឹងទទួលបានឱកាស កាន់តំណែងនេះបន្ដ​ទៀតទេ។ ម្ចាស់ភាគហ៊ុនម្នាក់ បាននិយាយថា ក្រុមប្រឹក្សាភិបាលមិនបាន​ដំណោះស្រាយ​បញ្ហានានា ខណៈ​គណៈកម្មាធិការសវនកម្មរបស់ក្រុមហ៊ុន កាលពីខែកុម្ភៈ បានធ្វើសេចក្ដីសន្និដ្ឋាន បន្ទាប់ពីការស៊ើបអង្កេតដ៏ខ្លីមួយថា មិនមានសម្ពាធខ្លាំង ចំពោះម្ចាស់ភាគហ៊ុនបរទេស​ឡើយ៕