ខេត្តព្រះសីហនុ៖ បុរសចំនួន៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពលក់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាល។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា មនុស្សទាំង៦នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីហើយ។ រដ្ឋបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ទម្រង់ពាក្យស្នើសុំចុះឈ្មោះ និងប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចុះចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃឡើយ។ ដូច្នេះសកម្មភាពនៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ។
ជនសង្ស័យទាំង៦នាក់ ត្រូវសមត្ថកិច្ចនាំមកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕