រដ្ឋធានីសេអ៊ុល៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែជំរុញ និងលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុន ក្នុងស្រុក ជាច្រើន របស់ខ្លួន ដែលកំពុងតែសាកល្បងវ៉ាក់សាំងបង្ការកូវីដ-១៩ ហើយ ក្រុមហ៊ុន​ខ្លះ​​បានឈានដល់ការសាកល្បង នៅក្នុងដំណាក់កាល​ទី៣​ថែមទៀតផង​។

មន្រ្ដីជំនាញកូរ៉េខាងត្បូង  បានឲ្យដឹង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ថា​ កូរ៉េខាងត្បូងនឹងបង្កើនការគាំទ្រដល់ការបង្កើតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុក។ ក្នុងនោះមានក្រុមហ៊ុនខ្លះ បាន​ឈាន​ដល់ការសាកល្បងវ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងដំណាក់កាល​ទី៣​ នៅចុងឆ្នាំ២០២១ ដើម្បីធ្វើឲ្យវាក្លាយជាអាវុធដ៏សំខាន់ សម្រាប់ទប់ទល់ ប្រឆាំងនឹងវីរុសរាតត្បាតនេះ។​ ប្រទេសនេះ ក៏នឹងកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាវ៉ាក់សាំង RNA (mRNA) ​ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនឱសថធំៗ នៅលើពិភពលោក។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបញ្ជាទិញវ៉ាក់សាំង មកពីបណ្ដាក្រុមហ៊ុនឱសថនានា នៅលើពិភពលោក​ ដើម្បីចាក់ជូនប្រជាពលរដ្ឋជិត៥១,៣លាននាក់។ ប៉ុន្តែរដ្ឋាភិបាល បានបង្កើនការគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងក្នុងស្រុក សម្រាប់ត្រៀម​ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ។​

កូរ៉េខាងត្បូង បានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្ដែគិតត្រឹម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កូរ៉េខាងត្បូង បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រហែល១៥លាននាក់ ឬស្មើនឹង៣០ភាគរយ នៃចំនួនពលរដ្ឋសរុប នៅក្នុងប្រទេស។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងទាំងនោះ គឺអ្នកទទួលបានការចាក់វ៉ាក់សាំង​គ្រប់ដូស ចំនួន៤,៤លាននាក់ ឬស្មើនឹង៨,៦ភាគរយ។​

មន្រ្ដីកូរ៉េខាងត្បូង បានបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងប្រទេសនេះ មានក្រុមហ៊ុនក្នុងស្រុក ចំនួន៥ កំពុងបង្កើតវ៉ាក់សាំងបង្ការកូវីដ-១៩ជាច្រើនប្រភេទ។ រីឯក្រុមហ៊ុនទាំងនោះ រួមមាន ទី១-ក្រុមហ៊ុន​ SK Bioscience Co. ទី២-ក្រុមហ៊ុន  EuBiologics Co. ទី៣-ក្រុមហ៊ុន Genexine Inc ទី៤-៤-ក្រុមហ៊ុន Geneone Life Science  និងក្រុមហ៊ុន Cellid ​។

ប្រទេសកូរ៉េខាងត្បូង បានកំណត់ថវិកា ចំនួន៦៨,៧ពាន់លានវ៉ុន (លុយកូរ៉េ) ឬស្មើនឹង ៦០ ៤៩៦ ៦១២ដុល្លារសហរដ្ឋអាមេរិក​ សម្រាប់ការគាំទ្រនៅក្នុងដំណើរការសាកល្បង​វ៉ាក់សាំង នៅឆ្នាំនេះ ដែលមានចំនួនច្រើនជាងថវិកា បម្រុងកាលពីឆ្នាំមុន ដែលគិតត្រឹមតែ​៤៩ពាន់លានវ៉ុន ឬស្មើនឹង ៤៣ ១៤៨ ៩៦៦ដុល្លារ ​ហើយរដ្ឋាភិបាល គ្រោងនឹងបង្កើនថវិកាបន្ថែមទៀត ប្រសិនបើមានករណីចាំបាច់។​​​

បើតាមសារព័ត៌មានកូរ៉េខាងត្បូង ​យ៉ុងហាប់ បានផ្សាយថា ​ក្រុមហ៊ុនក្នុងស្រុក ប្រហែល១០ កំពុងរៀបចំផែនការសាកល្បង សម្រាប់វ៉ាក់សាំង mRNA របស់ខ្លួន​៕​