រដ្ឋធានីវ៉ាស៊ីនតោន៖ អគារកម្ពស់១២ជាន់ នៅក្នុងទីក្រុងមីយ៉ាមី រដ្ឋហ្លរីដា សហរដ្ឋអាមេរិក បានរលំ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០២១ (វេលានៅអាមេរិក) ហើយនៅក្នុងហេតុការណ៍នោះ​ បានបណ្ដាលឲ្យមនុស្សស្លាប់ និងរាប់សិបនាក់ ​កំពុងតែបាត់ខ្លួន នៅក្នុងគំនរអគារបាក់បែក​។

សារព័ត៌មាន BBC បានផ្សាយ នៅព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ថា អាជ្ញាធរនៅក្នុងតំបន់​បានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់បាត់បង់ជីវិត ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន។ រីឯអគារ ដែលរលំនេះ ​មានកម្ពស់១២ជាន់ ស្ថិតនៅភាគខាងជើង ទីក្រុងមីយ៉ាមី រដ្ឋហ្លរីដា សហរដ្ឋអាមេរិក។​

បើតាមលោកស្រី Danielle Levine-Cava ចៅហ្វាយក្រុងមីយ៉ាមី បានថ្លែងថា ​ឥឡូវ​មនុស្សនៅក្នុងអគារដែលរលំនោះ បានរកឃើញចំនួន១០២នាក់ ខណៈ​​៩៩នាក់ផ្សេងទៀត នៅមិនទាន់រកឃើញនៅឡើយ។​ ទោះជាយ៉ាងណា អាជ្ញាធរនៅមិនទាន់ច្បាស់ អំពីចំនួនមនុស្ស ដែលស្នាក់​នៅក្នុងអគារ នាពេលកើតហេតុនោះដែរ។

សារព័ត៌មាន Aljazeera  បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានជួយដល់អ្នកនៅរស់រានមានជីវិត ហើយបន្ដស្វែងរកអ្នកបាត់ខ្លួន នៅក្នុងគំនរ​នៃអគារ​ខុនដូ បាក់បែក ដែលត្រូវបានសាងសង់ឡើង នៅក្នុងឆ្នាំ១៩៨១នោះ។​ ប៉ុន្ដែបើតាមលោកស្រីអភិបាលក្រុងមីយ៉ាមី បានបញ្ជាក់ថា មានមនុស្សចំនួន៩៩នាក់កំពុងតែបាត់ខ្លួន។​ រីឯការរលំអគារនេះ បានកើតឡើង នៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈមនុស្សកំពុងស្ថិតក្នុងដំណេក។​​​​​​

ទោះជាយ៉ាងណា មន្ដ្រី​ក្នុងតំបន់ បានអះអាងថា មូលហេតុ នៃការរលំអគារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។ រីឯក្រុមវិស្វករសំណង់ ក៏បានទៅដល់ទៅនោះ ដើម្បីវាយតម្លៃ អំពីទំហំនៃការខូចខាត និងធ្វើឲ្យប្រាកដថា តំបន់នោះគឺមានសុវត្ថិភាព សម្រាប់ក្រុមអ្នកជួយសង្គ្រោះ។ បន្ទាប់មក ក្រុមអ្នកជំនាញវិស័យឧស្សាហកម្មសំណង់ នឹងចាប់ផ្ដើមវាយតម្លៃ អំពីមូលហេតុ នៃការរលំអគារនោះ។​

លោក ខែន អូដែល ( Ken O’Dell) ​អ្នកនាំពាក្យ នៃក្រុមប្រឹក្សាវិស្វករសំណង់ជាតិ ដែលមានបទពិសោធន៍ជាង៣០ឆ្នាំ លើវិស័យឧស្សាហកម្មនេះ បានបញ្ជាក់ថា ក្រុមវិស្វករ​កំពុងតែស៊ើបអង្កេតទៅលើកត្ដាមួយចំនួន ដែលនាំឲ្យមានការរលំអគារខុនដូនេះ។

អ្នកនាំពាក្យរូបនេះ បានប្រាប់ដល់សារព័ត៌មាន Al Jazeera ថា ករណីដូលរលំអគារនេះ មិនមែនមានមូលហេតុតែមួយនោះទេ។ យើងត្រូវការឈ្វេងយល់អំពីមូលហេតុផ្សេងៗទៀត រួមមាន ការរៀបចំប្លង់ ( Design), ការថែទាំ, អាយុកាល, ការប្រែប្រួលទៅលើសំណង់អគារ៖ ករណី​អាចជះឥទ្ធិពលដល់អគារ និងកត្ដារួមផ្សំគ្នាបន្ថែមទៀត។​

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការរលំអគារនេះ គឺជាហេតុការណ៍ដ៏កម្របំផុត ​នៅក្នុងសហរដ្ឋអាមេរិក។​ ជាមួយគ្នានេះ មន្រ្ដីនៅក្នុងតំបន់កំពុងជំរុញឲ្យប្រជាពលរដ្ឋ រាយការណ៍អំពីសាច់ញាតិ ដែលនៅតែបាត់ខ្លួន នៅក្នុងអគារនោះ ដើម្បីជួយដល់ការស្រាវជ្រាវបន្ថែមទៀត៕