ខេត្តកណ្ដាល ៖ ឧត្តមសេនីយ៍ឯកម្នាក់ (ផ្កាយ៣) បានរៀបចំកម្មវិធីភ្ជាប់ពាក្យនៅចំណុចភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ទោះជាអាជ្ញាធរមូលដ្ឋាន ហាមមិនឲ្យធ្វើក្តី ក៏លោកផ្កាយ៣នោះ មិនព្រមស្តាប់ដែរ ដោយសំអាងថាខ្លួនអ្នកធំមានលុយ មានប្រាក់។ តែយ៉ាងណា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិន បានចុះបិទទីតាំងភ្ជាប់ពាក្យ និងធ្វើការណែនាំដល់ម្ចាស់កម្មវិធី ដើម្បីការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ម្ចាស់កម្មវិធីឈ្មោះ អោក បូរ៉ា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរយោធា មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក។ កម្មវិធីភ្ជាប់ពាក្យនេះ អាជ្ញាធរសង្កាត់កោះអន្លង់ចិន និងមេភូមិហាមមិនឲ្យរៀបទេ តែម្ចាស់កម្មវិធីអាងខ្លួនមានផ្កាយ៣ ពាក់នៅលើស្មា គឺនៅតែផ្គើនមិនព្រមស្ដាប់អាជ្ញាធរឡើយ ៕