រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពីលោក អាចារ្យ ធំ ដែលតែងតែលេចមុខនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសគឺលោកជាម្ចាស់ ផ្ទះកាហ្វេវប្បធម៌ ខណៈពេលថ្មីៗមកនេះដោយសារតែបញ្ហានៃការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសតំបន់ដែលធ្លាប់តែទទួលកម្រៃពីភ្ញៀវទេសចរណ៍ ដូចជាខេត្តសៀមរាប បានធ្វើឲ្យរូបលោកហាក់ជួបប្រទះកង្វះខាតលុយកាក់ជាខ្លាំងរហូតបណ្តាលចិត្តឲ្យលោកសម្រេចធ្វើការ សេងហាងជាបន្ទាន់ដើម្បីដោះស្រាយជីវភាព។

លោកអាចារ្យ ធំ បានលើកឡើងថា «ដំណឹង​ សេងហាង​ ដេីម្បីដោះបំណុល​! ខ្ញុំបាទ​ អាចារ្យធំ​ សូមប្រកាស​ សេងទីតាំង​ផ្ទាល់ ផ្ទះកាហ្វេវប្បធម៌​ ខេត្តសៀមរាប អាសយដ្ឋាន​៖​ ភូមិទ្រាំង​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប​។ ទម្រាំដាច់ចិត្ត​ ផុស​ ខ្ញុំប្រឹងរកអស់លទ្ធភាពហេីយ! លុយប៉ុណ្ណេះមេីលទៅដូចមិនច្រេីនប៉ុន្មានទេ​ តែសម្រាប់ខ្ញុំពេលនេះ​ គឺហាក់ទូលភ្នំ។ ទាល់ច្រក​ អស់លទ្ធភាព​បន្តហេីយ​បងប្អូន ខ្ញុំសូមជម្រាបលា​ទាំងអាល័យ»៕