ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រកលើកដែក បានចុះបង្រ្កាបសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចស្វាព្រាម ភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ដោយចាប់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនផងដែរ។

ជនសង្ស័យ ឈ្មោះ នៅ ណេង ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិលេខ៥ ឃុំពោធិបានស្រុកកោះធំ ខេត្តកណ្តាល។ ដកហូត មាន់ជល់ងាប់ ចំនួន០២ក្បាល, កៅអីជ័រ ចំនួន០៥ , តុឈើ ចំនួន០១, កៅស៊ូតង់ ចំនួន០២ផ្ទាំង, កញ្ចក់បាំងបេលជល់មាន់ចំនួន០១ផ្ទាំង, វិក័យប័ត្រភ្នាល់មាន់ ចំនួន០២ដុំ, ស្កុតរុំខ្នាយមាន់ (រុំហើយនិងមិនទាន់រុំ)មួយចំនួន, កន្ត្រកដាក់មាន់ ចំនួន ០២ និងម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ១០០ ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1R-3026 ។

សមត្ថកិច្ច បានឲ្យដឹងថា មានប្រជាពលរដ្ឋល្អបានផ្ដល់ព័ត៌មានថា មានអ្នកញៀនល្បែងជល់មាន់មួយក្រុមកំពុងនាំគ្នាជល់មាន់នៅចំណុចក្នុងព្រៃបឹងព្រៃម្លេច ក្រោយភូមិសាស្រ្តឃុំពាមរាំង ។ ក្រោយពីទទួលព័ត៌មានភ្លាមលោកវរសេនីយ៍ឯក អាំ ធូ អធិការ ស្រុក និងលោកវរសេនីយ៍ទោ ឌឹម សំរិត អធិការ រងបានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៏ នៃអធិការដ្ឋាននគរបាលស្រកលើកដែក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង និងកម្លាំងអន្តរាគមន៍ស្រុក បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៏ស្រុកកោះធំនៃអធិការដ្ឋានស្រុកកោះធំបានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងជលមាន់នោះ ហើយបានចាប់ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងជលមាន់បានចំនួន០១នាក់។ ឯអ្នកលេងមួយចំនួនផ្សេងទៀតបានរត់គេចខ្លួនអស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យតាមនិតិវិធីច្បាប់៕