រាជធានីបាងកក៖ ក្រោយពេលបង្កើនល្បឿនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ចាប់ពីពេញវ័យរហូតដល់មនុស្សចាស់នោះមក ប៉ុន្ដែឥឡូវនេះរដ្ឋាភិបាលថៃក៏បានបញ្ជាទិញវ៉ាក់សាំងដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក ចំនួន២០លានដូស​ សម្រាប់​ចាក់ជូនដល់កុមារ មានអាយុចាប់ពី១២-១៨ឆ្នាំ។​

សារព័ត៌មានមានថៃ (The Nation) បានចេញផ្សាយ កាលពីទី២៥ ខែមិថុនា ឆ្នាំ២០២១ ថា រដ្ឋាភិបាលថៃ បានបន្ដបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនូន២០លានដូស សម្រាប់ចាក់ជូនដល់កុមារ។ រីឯក្រុមហ៊ុន Pfizer ក៏បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងទាំងនោះមកឲ្យប្រទេសថៃ នៅមុនដំណាច់ឆ្នាំនេះ។​ រីឯវ៉ាក់សាំងបង្ការកូវីដ-១៩ទាំងនេះ នឹងត្រូវចាក់ទៅលើកុមារ មានអាយុចាប់ពី១២-១៨ឆ្នាំ ព្រោះ​​វាមានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកស្ថិតក្នុងអាយុទាំងនេះ។​

លោកវេជ្ជបណ្ឌិត Paisan Dankhum អគ្គលេខាធិការរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ថៃ បានបញ្ជាក់ថា FDA កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែមិថុនា ឆ្នាំ២០២១) បានយល់ព្រមឲ្យទិញវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer (Pfizer’s Covid-19 vaccine Comirnaty) របស់សហរដ្ឋអាមេរិក។

រហូតមកដល់ពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៦ប្រភេទ នៅក្នុងប្រទេសរបស់ខ្លួន រួមមាន​ វ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិក, Sinovac (របស់ចិន), Sinopharm (របស់ចិន), AstraZeneca របស់អង់គ្លេស-ស៊ុយអែតសហការជាមួយនឹងសាកលវិទ្យាល័យ Oxford, Johnson & Johnson របស់សហរដ្ឋអាមេរិក និងវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ៕