រាជធានីភ្នំពេញ៖ ផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជាបន្ដបន្ទាប់រហូតដល់ជិត៣០នាក់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ម្សិលមិញ អ្នកឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៊ី» មានចំនួន២៧នាក់ និងកំពុងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀតផងដែរ។

យ៉ាងណាមិញ សម្រាប់ករណីនេះមន្ដ្រីសុខាភិបាល បាននិងកំពុងសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចុះរៀបចំទីតាំងនៅភោជនីយដ្ឋាន «កាឡាក់ស៊ី» ដើម្បីសម្រុកយកសំណាកអ្នក ដែលមានការសង្ស័យពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

ជាមួយគ្នានេះ សមត្ថកិច្ចបានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាល់កុល ឬសាប៊ូជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ៕