ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងសាធារណៈការស្រុក លោកមេឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស បានចុះដល់ទីតាំងខាងលើផ្លូវលេខ៣៤ ស្ថិតក្នុងភូមិសាស្រ្តឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តដឹកខ្សាច់ ថ្មបានចំនួន៣៥គ្រឿង និងបានធ្វើការអប់រំ ណែនាំ និង ធ្វើកិច្ចសន្យាដល់អ្នកបើកបររថយន្តទាំងអស់ គឺមិនត្រូវដឹកខ្សាច់ ដឹកថ្មដែលហូរទឹក ត្រូវគ្របអោយបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ កាបើកបរលឿន វ៉ា ជែងកម្លាំងបានធ្វើការដកហូតស៊ីផ្លេខ្យល់ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាហេតុបង្កឲ្យឮសំឡេងខ្លាំង និង រំខានដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានទីលំនៅតាមដងផ្លូវ កន្លែងជាទីប្រជុំជន និងតម្រូវឲ្យអ្នកបើកបររថយន្ត ទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវគោរពជាដាច់ខាត ទៅតាមគោលការណ៍នៃច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវ បើកបររក្សាល្បឿនឲ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់។