ក្រុងឡុងដ៍៖ ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស កាលពី​ពេលកន្លងទៅនេះ បានសិក្សា​រកឃើញថា វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca បច្ចុប្បន្ន ​អាចការពារទប់ទល់ ប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta (B.1.617.2) និងវីរុស Kappa (B1.617.1)  ដែលកន្លងមក គេស្គាល់​ជាវីរុសបម្លែងខ្លួនថ្មី ត្រូវរកឃើញ នៅក្នុងប្រទេសឥណ្ឌា ( Indian Variants) ។

វ៉ាក់សាំងនេះអាចប្រតិកម្មប្រឆាំងនឹងវីរុសបម្លែងខ្លួន Delta និង Kappa គឺអាចធៀបជាមួយនឹងអ្វីដែលបានមើលឃើញ ប្រឆាំងនឹងវីរុស Alpha (B.1.1.7  ដែលពីមុនស្គាល់ថា Kent ) និង Gamma  (P.1 ដែលពីមុនស្គាល់ថាជាវីរុសបម្លែងខ្លួននៅប្រេស៊ីល) ។ ជាមួយគ្នានេះ សុខាភិបាលសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca  ចំនួន២ដូស គឺមានប្រសិទ្ធភាពខ្ពស់ ទប់ទល់ប្រឆាំងនឹងវីរុសបម្លែងខ្លួន Delta ដោយមានកម្រិតការពារស្រដៀងគ្នាទៅនឹងវីរុសបម្លែងខ្លួន Alpha ផងដែរ ៕