រាជធានីបាងកក៖ អ្នកវិទ្យាសាស្រ្ដផ្នែករោគវិទ្យាដ៏ល្បីល្បាញរបស់ប្រទេស​ថៃ បានព្យាករថា ការរាតត្បាតពីជំងឺកូវីដ-១៩ នៅ​តំបន់សណ្ដ ជំរុញ​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំងបង្ការកូវីដ-១៩កាន់តែ​លឿន ជាងតំបន់ផ្សេងៗទៀត។​

សារព័ត៌មាន The Nation បានផ្សាយថា លោកវេជ្ជបណ្ឌិត Yong Poovorawan រោគវិទូដ៏ល្បីល្បាញរបស់ប្រទេសថៃ នៅថ្ងៃទី២៣ ខែមិថុនា បានជំរុញឲ្យរដ្ឋាភិបាល បង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋឲ្យបានច្រើន តាមតែអាចធ្វើទៅបាន ដើម្បីការពារ​នូវការផ្ទុះឡើង​ នៃវីរុសផ្សេងៗទៀត នៅតំបន់ដីសណ្ដ។

អ្នកជំនាញខាងមេរោគរូបនេះ បាន​​​ដកស្រង់ការសិក្សា​ស្រាវជ្រាវ​របស់​នាយកដ្ឋានវិទ្យា​សាស្ត្រវេជ្ជសាស្ត្រ ហើយសរសេរ នៅលើហ្វេស​ប៊ុករបស់​លោក ​ថា ៩០ភាគរយ នៃការឆ្លងវីរុសកូវីដ​-១៩ នៅក្នុងប្រទេសថៃ គឺចេញមកពី​វីរុស (Alpha Strain)។

ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ បានព្យាករថា ចំនួន នៃការឆ្លងវីរុស នៅ​តំបន់ដីសណ្ដ បានរកឃើញច្រើន ក្នុងចំណោមកម្មករវ័យក្មេង ​ដែល​នឹង​កើនឡើងជាបន្ដបន្ទាប់ ក្នុងរយៈពេល៣ទៅ៤ខែខាងមុខនេះ។ ផ្ទុយទៅវិញ ការផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ នា​ពេលបច្ចុប្បន្ន នៅក្នុងប្រទេសថៃ​ ក៏​ជា​វិធីសាស្រ្ដ​ដ៏ល្អតែមួយគត់ ទប់ទល់ប្រឆាំងនឹងវីរុស (The Alpha Strain)។​

អ្នកជំនាញខាងវីរុសរូបនេះ បានបញ្ជាក់ទៀតថា «វាជាការចាំបាច់ណាស់ ត្រូវតាមដាន ពីការរីករាលដាល នៃវីរុសនីមួយ ដើម្បីធ្វើឲ្យការគ្រប់​គ្រង​ជំងឺ​កាន់តែប្រសើរឡើង។ រីឯវីរុសកូនកាត់ (វីរុសបម្លែងខ្លួន) ជាច្រើនទៀត​ អាច​នឹង​កើតឡើង នៅក្នុងពេលអនាគត។​ យើងជឿថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩ប្រភេទថ្មីជាច្រើនទៀត ក៏នឹងត្រូវបានបង្កើតឡើង នៅឆ្នាំក្រោយ ដើម្បីដោះស្រាយជាមួយនឹងវីរុស​បម្លែងខ្លួនផ្សេងៗទៀតផងដែរ៕​​