ខេត្តកណ្ដាល ៖ បុរស២នាក់ ជាជនជាតិខ្មែរអ៊ិស្លាម ខណៈចេញទៅទាក់សត្វ ទាំងមេឃកំពុងភ្លៀង ក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗគួរឲ្យសង្វេគ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៤០នាទី នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ម៉ាត់ នសា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខែ្មរអ៊ិស្លាម មុខរបរ នេសាទ និងទី ២-ឈ្មោះ ស៊េន ម៉ាអ៊ែល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរនេសាទ។ អ្នកទាំង២ មានទីលំភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពបន្តថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ឪពុកឈ្មោះម៉ាន ស៊េន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរស្លាម បាននាំកូនប្រសារ និងកូនបង្កើតទៅវ៉ៃលប់(ទាក់សត្វ)។ លុះដល់ម៉ោង១៣និង៣០នាទីនា ថ្ងៃខែឆ្នាំដដែលឪពុក និងជនរងគ្រោះទាំងពីរនាក់ បាននាំគ្នាទៅវៃលប់ (ទាក់សត្វ) រួចពេលនោះមានភ្លៀងនិងខ្យល់យ៉ាងខ្លាំងឪពុកនិងជនរងគ្រោះបាននាំគ្នាទៅជ្រកទឹកភ្លៀងនៅក្រោមដើមកាស្យា ភ្លាមនោះ ក៏មានរន្ទះបាញ់ចំនួនមួយគ្រាប់បានបាញ់ចំដើមកាស្យា បណ្តាលអោយជនរងគ្រោះទាំងពីនាក់ស្លាប់ នៅកន្លែងកើតហេតុ។ ចំណែក ឈ្មោះ ម៉ាន ស៊េន ភេទប្រុស អាយុ៥៣ឆ្នាំ បាននៅឆ្ងាយពីដើមកាស្យាប្រហែល៥ម៉ែត្រ មិនមានរងរបួសនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះធម្មជាតិ (រន្ទះបាញ់) ។ បន្ទាប់ពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕