សម្រាប់ស្រីៗ រឿងផឹកកាហ្វេ ពេទ្យមិនហាមទេ ប៉ុន្តែត្រូវញ៉ាំក្នុងកម្រិតតិចតួចបានហើយ ព្រោះអ្នកជំនាញអះអាងថា ផឹកកាហ្វេច្រើន អាចនាំឲ្យពិបាកមានផ្ទៃពោះ ឬអាចធ្វើឲ្យកូនពិការពីកំណើតក៏មាន។

នៅពេលយើងផឹកកាហ្វេក្នុងបរិមាណច្រើន ចំពោះស្រីៗ មិនត្រឹមតែប្រឈមបញ្ហាកូនពិការពីកំណើតនោះទេ វាក៏អាចជាមូលហេតុនាំឲ្យស្រីៗមួយចំនួនពិបាកក្នុងមានបង្កកំណើតទៀតផង។ ចំពោះគ្នាយើងកំពុងពពោះ ហើយមានទម្លាប់ផឹកកាហ្វេ ឬតែ មួយពែងក្នុងមួយថ្ងៃ អាចជំរុញប្រឈមកាន់តែខ្ពស់ជាមួយករណីរលូតកូន ឬអូនៗកើតមកមិនគ្រប់គីឡូ។

យោងតាមអត្ថបទចេញផ្សាយដោយភ្នាក់ងារព័ត៌មានសុខភាពសាធារណៈថ្នាក់ជាតិ ប្រទេសអូស្ត្រាលី Healthdirect អះអាងថា មានភស្តុតាងជាច្រើន ធ្លាប់បង្ហាញពីផលប៉ះពាល់ និងប្រឈមនៅពេលញ៉ាំជាតិកាហ្វេអ៊ីនច្រើនលើសកម្រិតអំឡុងពេលពពោះ ខណៈភស្តុតាងជាច្រើនទៀតណែនាំឲ្យស្រីៗពពោះ ផឹកកាហ្វឲ្យតិចជាង ២កូនពែង ក្នុងមួយថ្ងៃគឺមានសុវត្ថិភាព។

អ្នកជំនាញអះអាងថា ក្រៅពីកាហ្វេ និងតែ អាហារជាច្រើនទៀតសុទ្ធតែមានផ្ទុកជាតិកាហ្វអ៊ីន នាំឲ្យការកម្រិតបរិមាណញ៉ាំកាហ្វេប្រចាំថ្ងៃ លើសកម្រិត។ ហេតុនេះ អ្វីល្អបំផុតសម្រាប់សុខភាពម៉ាក់ៗ និងបេប៊ី ស្រីៗគ្នាយើងដែលចូលចិត្តកាហ្វេ គួរកម្រិតបរិមាណញ៉ាំប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ប្រមាណ ៣០០មិល្លីក្រាម (រាប់បញ្ចូលទាំងអាហារផ្សេងទៀតមានផ្ទុកជាតិកាហ្វេអ៊ីន) ឬបើអាចគួរកុំញ៉ាំអាហារមានជាតិកាហ្វេអ៊ីនទាំងនោះតែម្តងទៅ៕