ខេត្តកណ្តាល ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនអ្នកសារព័ត៌មាន៥នាក់ និងអ្នករត់ម៉ូតូឌុបម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «គំរាមកំហែងហែកកេរ្តិ៍» តាមមាត្រា៣៧២និងមាត្រា៣៧៣ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រុមអ្នកសារព័ត៌មាន៥នាក់ នៅអង្គភាពសារព័ត៌មាន BATI TV NEWS និង អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនពាក់ព័ន្ធបទល្មើស «គំរាមកំហែងទារប្រាក់» ពីអ្នកលក់កាហ្វេ មួយកន្លែង ដែលមានលួចលាក់បើកល្បែងស៊ីសង ជល់មាន់តាម អនឡាញ ។

ជនត្រូវចោទទាំង៦នាក់ រួមមាន ៖ ទី១.ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS។ ទី២.ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។ ទី៣.ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។ ទី៤.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។ ទី៥.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន និងទី៦.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ៕