រដ្ឋធានីម៉ានីល៖ ស្របពេលបណ្ដាប្រទេសនានា កំពុងតែបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រធានាធិបតីហ្វីលីពីន បានជេរបញ្ចោរដល់អ្នកមិនព្រមទទួលការចាក់វ៉ាក់សាំង ហើយថែមទាំង​គំរាម​ចាប់ដាក់គុកបន្ថែមទៀត។ នេះបើតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី២៣ ខែមិថុនា។

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានថ្លែង តាមបណ្ដាញទូរទស្សន៍ជាតិប្រចាំសប្ដាហ៍ កាលពីថ្ងៃទី២១ ខែមិថុនា ថា «កុំ​ឱ្យខ្ញុំខុស។ បច្ចុប្បន្នប្រទេសហ្វីលីពីន កំពុងប្រឈមមុខនឹងវិបត្ដិកូវីដ-១៩ ហើយប្រទេសជាតិកំពុងតែមានអាសន្ន​។ ប្រសិនបើអ្នកណាមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ខ្ញុំនឹងបញ្ជា​ឲ្យអាជ្ញាធរចាប់ខ្លួនអ្នកនោះដាក់គុក​ ហើយវ៉ាក់សាំងនេះនឹងត្រូវចាក់បញ្ចូលតាមគូទរបស់អ្នកទាំងនោះ។​

លោក Rodrigo Duterte ​ត្រូវបានគេចាត់ទុកជាបុរសខ្លាំង ក្នុងការបង្រ្កាប និងសម្លាប់អ្នករត់ពន្ធគ្រឿងញៀន នៅក្នុងប្រទេសហ្វីលីពីន។ ការបញ្ជាឲ្យសម្លាប់អ្នកពាក់ព័ន្ធនឹងគ្រឿងញៀន នៅតាមផ្លូវបែបនេះ នាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីប្រទេសលោកខាងលើ។ ប៉ុន្ដែបច្ចុប្បន្ន លោក Rodrigo Duterte កំពុងតែជេរបញ្ចោរ និងបន្ដគំរាមកំហែងដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលមិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​។

ការគំរាមកំហែងរបស់លោកប្រធានាធិបតីហ្វីលីពីនរូបនេះ បានកើតឡើង ក្រោយពេលការផ្គត់ផ្គង់វ៉ាក់សាំងរបស់ប្រទេស ​នៅតែមិនទាន់ឆ្លើយតបតាមតម្រូវការ ក្នុងរយៈពេល៣ខែមកនេះ ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើម ចាក់ថ្នាំបង្ការបង្ការកូវីដទ្រង់ទ្រាយ​ កាលពីថ្ងៃទី២០ ខែមិថុនា។ រីឯអាជ្ញាធរសុខាភិបាលហ្វីលីពីន បានចាក់វ៉ាក់សាំង​ជូនដល់ប្រជាពលរដ្ឋ ជិត ២,២ លាននាក់ នៅក្នុងគោលដៅចំនួន៧០លាននាក់ ក្នុងចំណោមពលរដ្ឋហ្វីលីពីន សរុប១១០លាននាក់។​​

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា «ខ្ញុំដឹងច្បាស់ថា ពលរដ្ឋហ្វីលីពីន មិនសប្បាយចិត្តនឹងរដ្ឋាភិបាល។ ប៉ុន្ដែយើងនៅទីនេះ យើងមិនចង់បានអ្វីច្រើន ក្រៅតែពីប្រទេសជាតិទទួលបានសេចក្ដីសុខនោះឡើយ»។​

ជាមួយគ្នានេះ លោកប្រធានាធិបតី បានហៅអ្នកដែលមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ជាកូនមេសំផឹង» និង «ជាអ្នកបង្កភាពវឹកវរ» ដែលអាចចម្លងវីរុសកូវីដ-១៩។ រីឯអ្នកមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លោកនឹងបញ្ជាឲ្យចាក់ថ្នាំជ្រូក «​ivermectin» ។

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ហ្វីលីពីន រកឃើញករណីឆ្លងថ្មី ជិត៤០០០នាក់ (៣ ៦៦៦នាក់)  និងករណីស្លាប់ថ្មី៦០នាក់។ ហ្វីលីពីន មានអ្នកឆ្លងកូវីដ-១៩ សរុប ១ ៣៦៧ ៨៩៤នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ១ ២៩១ ៣៩៩នាក់ និងស្លាប់ ២៣ ៨០៩នាក់៕