រដ្ឋធានីកាប៊ុល៖ ក្រុមឧទ្ទាមតាលីបង់ បានវាយកាន់កាប់តំបន់ព្រំដែនដ៏សំខាន់របស់អាហ្វហ្គានីស្ថាន ឆ្លងកាត់ជាមួយនឹងប្រទេស Tajikistan ហើយកងសន្ដិសុខរបស់ប្រទេសនេះ​បានរត់ចោទីតាំងរបស់ពួកគេ។

មន្រ្ដីយោធាអាហ្វហ្គានីស្ថាន​ បានថ្លែង កាលពីថ្ងៃអង្គារ (ទី២២ ខែមិថុនា) ថា ក្រុមឧទ្ទាមអាហ្វហ្គានីស្ថាន បានបង្កើនការវាយប្រហារយ៉ាងខ្លាំង នៅក្នុងតំបន់ឆ្លងកាន់ព្រំដែនដ៏សំខាន់របស់​អាហ្វហ្គានីស្ថានជាមួយនឹងប្រទេស Tajikistan ។ រីឯកងសន្ដិសុខខ្លះបានរត់ចោលទីតាំងរបស់ពួកគេ ហើយភៀសខ្លួនចេញពីសមរភូមិ ដោយសារពួកតាលីបង់​រឹបអូសកាន់កាប់តំបន់ឆ្លងកាត់ព្រំដែន​Shir Khan Bandar ។​

សារព័ត៌មាន Aljazeera បានផ្សាយ កាលពីថ្ងៃទី២២ ខែមិថុនា ថា ក្រុមតាលីបង់​បានរឹបអូសយកតំបន់ឆ្លងកាត់ព្រំដែន​ ​Shir Khan Bandar ស្ថិតនៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ដែលមានចម្ងាយ ប្រហែល៥០គីឡូម៉ែត្រ ពីទីក្រុង Kunduz ។ ការរឹបអូសតំបន់នេះបានផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់បំផុត សម្រាប់ក្រុមតាលីបង់ ចាប់តាំងពីពួកឧទ្ទាមបង្កើនប្រតិបត្ដិ​ការវាយលុក កាលពីថ្ងៃទី១ ខែឧសភា ខណៈសហរដ្ឋអាមេរិកបាន​ចាប់​ផ្ដើមបញ្ចប់ការដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីអាហ្វហ្គានីស្ថាន។​

លោក Zabihullah Mujahid អ្នកនាំពាក្យក្រុមតាលីបង់ បានអះអាងថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន​ បានរឹបអូសតំបន់ព្រំដែន ឆ្លងកាត់ទន្លេ Pyanj ។​ កងកម្លាំងរបស់យើងបានគ្រប់គ្រង តំបន់ Shir Khan Bandar ទាំងស្រុង និងតំបន់ព្រំដែនទាំងអស់ ឆ្លងកាត់ជាមួយប្រទេស Tajikistan ​នៅក្នុងទីក្រុង Kunduz​ ៕