រដ្ឋធានីប៊ែរឡាំង៖ ​លោកស្រីអធិការបតីអាល្លឺម៉ង់ ក្រោយទទួលការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca របស់អង់គ្លេស-ស៊ុយអែត នូវដូសទី១រួចហើយ លោកស្រីបានទទួលការចាក់វ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិក នូវដូសទី២។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឹម៉ង់ បានថ្លែង កាលពីថ្ងៃអង្គារ (ទី២២ ខែមិថុនា) ថា លោកស្រី​Angela Merkel អធិការបតីអាល្លឺម៉ង់ មានវ័យ៦៦ឆ្នាំ​ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Moderna លើកទី២របស់លោកស្រី ក្រោយពេល​ទទួលការចាក់វ៉ាក់សាំង AstraZeneca លើកទី១​។​

សារព័ត៌មាន Aljazeera បានផ្សាយ កាលពីថ្ងៃទី២២ ខែមិថុនា ថា លោកស្រីអធិការបតីវ័យ៦៦ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca លើកទី១របស់លោកស្រី កាលពី​អំឡុងខែមេសា ឆ្នាំ២០២១ ហើយនៅពេលនេះ ទើបលោកស្រីបានទទួលការចាក់វ៉ាក់សាំង Moderna ដូសទី២របស់លោកស្រី។ រហូតមកដល់ពេលនេះ វ៉ាក់សាំង AstraZeneca រាប់លានដូស ត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៅក្នុងតំបន់អឺរ៉ុប។ ប៉ុន្ដែ​គេនៅមានការព្រួយបារម្ភ ចំពោះការកកឈាមដ៏កម្រមួយ ដែលត្រូវ​មើលឃើញ នៅក្នុងចំនួនអ្នកទទួលវ៉ាក់សាំងដ៏តិចតួចបំផុត។ នេះមានន័យថា មនុស្សមួយចំនួន នៅក្នុងក្រុមអាទិភាពដំបូង ដោយសារបញ្ហាអាយុ ឬសុខភាពរបស់ពួកគេមុនពេលចាក់វ៉ាក់សាំង ហើយលក្ខន្តិកៈនានា ត្រូវបានពន្យារពេល ក្នុងការទទួលការចាក់វ៉ាក់សាំង ដោយចង់រង់ចាំទទួល​វ៉ាក់សាំងបង្ការផ្សេងៗទៀត។​

មន្រ្ដីក្រសួងសុខាភិបាលអាល្លឺម៉ង់ បានផ្ដល់អនុសាសន៍ កាលពីអំឡុងខែមេសា​ ថា ពលរដ្ឋដែលទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca​ នូវដូសទី១ហើយ ពួកគេអាចនឹងទទួលវ៉ាក់សាំងនូវដូសទី២ផ្សេងទៀត។ រីឯបណ្ដាប្រទេសនានា នៅតំបន់អឺរុប ក៏បានធ្វើស្រដៀងគ្នានេះដែរ។ ប៉ុន្ដែ​ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ អាល្លឺម៉ង់បានបង្កើនល្បឿនចាក់វ៉ាក់សាំងយ៉ាងខ្លាំង។ គិតត្រឹម ថ្ងៃអង្គារ (ទី២២ ខែមិថុនា ឆ្នាំ២០២១) ពលរដ្ឋអាល្លឺម៉ង់ ប្រហែល៥១,២ភាគរយ​ បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩​នូវដូសទី១របស់ពួកគេ។​​​​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ​មានចម្ងល់ជាច្រើន​បាន​លើក​ឡើង​ថា ប្រសិនបើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca នូវដូសទី១​រួច​ហើយ តើដូសទី២អាចចាក់វ៉ាក់សាំងផ្សេងបានដែរឬទេ?​

ជាមួយនឹងចម្ងល់នេះ មានអ្នកជំនាញសុខាភិបាលជាច្រើនជឿថា ការចាក់​វ៉ាក់សាំង​បង្ការកូវីដ-១៩នូវដូសទី២ផ្សេង ពីវ៉ាក់សាំងដូសទី១ អាចជួយ​បង្កើនភាពស៊ាំទប់ទល់ ប្រឆាំងនឹងវីរុសកូវីដ-១៩ ហើយការ​សិក្សាផ្នែក​វេជ្ជសាស្រ្ដផ្សេងៗទៀត កំពុងតែបន្ដដំណើការលើករណីនេះផងដែរ។​ រីឯការសិក្សាតិចតួមួយរបស់ចក្រភពអង់គ្លេស ស្តីពីការប្រើវ៉ាក់​សាំង​កូវីដ-១៩ផ្សេងៗ​គ្នា ក្នុងការចាក់វ៉ាក់សាំង​​២ដូស បានរកឃើញថា អ្នកដែល​ទទួលវ៉ាក់សាំង Pfizer ហើយក្រោយមកទទួលការចាក់វ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំងផ្សេងទៀត​ ត្រូវគេរាយការណ៍ថា ​រោគសញ្ញា ក្រោយការចាក់វ៉ាក់សាំង មានភាពស្រាល ​ឬមធ្យមតិចជាង អ្នក​ទទួល​បានវ៉ាក់​សាំង​ប្រភេទដូចគ្នាទាំង២ដូស​៕​