ខេត្តព្រះវិហារ៖ ក្មេងទំនើង២នាក់ ធ្វើឫកឯងឡូយណាស់ បានកាន់ដាវថតបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក តែយ៉ាងណា ក្រោយពីកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ បានឃើញ ក៏ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន យកមកកោរត្រងោល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយមានការបង្ហោះរូបភាពកាន់ដាវតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុករបស់ក្មេងទំនើងទាំង២នាក់ខាងលើ លើគណនីហ្វេសប៊ុកឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និងមានការស៊ែរចែករំលែកតគ្នាព្រោងព្រាតនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាដល់កម្លាំងជំនាញឲ្យធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនក្មេងទាំង២នេះបាន។

ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ឡន ឡោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ២- ឈ្មោះរ៉ន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយចាប់ខ្លួន សមត្ថកិច្ចបានហៅអាណាព្យាបាលពួកគេមកធានាត្រឹមត្រូវ និងធ្វើកិច្ចសន្យារួចរាល់ ទើបអនុញ្ញាតឲ្យក្មេងទំនើងទាំង២នេះ វិលត្រឡប់ទៅផ្ទះវិញ ជាមួយការកោសក់ក្បាលជាការព្រមានទុកជាមេរៀន៕