រាជធានីបាងកក៖ ដោយសារតែបច្ចុប្បន្នពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងគួរឲ្យព្រួយបារម្ភ ទើបទាំងអ្នកវិទ្យាសាស្រ្ដ និងបណ្ដាមេដឹកនាំពិភពលោក ក៏កំពុងតែគិតគូរអំពីបរិស្ថាន ហើយជំរុញឲ្យកែច្នៃយានយន្ដ ​ឲ្យប្រើប្រាស់ចរន្ដអគ្គិសនី ហើយនៅពេលមុខ​ ​រថយន្ដប្រភេទនេះប្រហែលជាង១លានគ្រឿង នឹងចរាចរ នៅតាមដងផ្លូវនានា នៅក្នុងប្រទេសថៃ។

សារព័ត៌មាន The Nation បានផ្សាយ កាលពីថ្ងៃទី១៨ ខែមិថុនា ថា បើតាមការស្រាវជ្រាវរបស់ធនាគារ Krungthai បានឲ្យដឹងថា ចំនួនរថយន្ដ​អគ្គិសនី (EV)​ ប្រហែលជាង១លានគ្រឿង នឹងចរាចរ នៅតាមដងផ្លូវនានា នៅក្នុងប្រទេសថៃ នាឆ្នាំ២០២៨។​

មជ្ឈមណ្ឌលស្រាវជ្រាវ Krungthai COMPASS បានបញ្ជាក់ថា ​​ការព្យាករណ៍នេះផ្អែកទៅលើការលក់រថយន្ដអគ្គិសនី (EV) របស់ពិភពលោក ៣,២លានគ្រឿង ក្នុងឆ្នាំ២០២០ ដោយកើនឡើង៤៣ភាគរយ ចាប់ពីឆ្នាំ ២០១៩ ហើយលក់បាន ៣០ ០០០គ្រឿង នៅក្នុងប្រទេសថៃ ដោយកើនឡើង ចំនួន១៣ភាគរយ។​

ការលក់រថយន្ដអគ្គិសនីកើនឡើងនេះ ក៏ដោយសារតែ​គោលនយោបាយរបស់រដ្ឋាភិបាល​នានា នៅទូទាំងពិភពលោក ចង់បញ្ឈប់យានយន្តប្រើចំហេះខាងក្នុង (ICE) និងគាំទ្រដល់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី (EV)  និងអ្នកប្រើប្រាស់។ ជាមួយគ្នានេះ​ បណ្ដាក្រុមហ៊ុនផលិតរថយន្តល្បីៗនៅលើពិភពលោក ក៏កំពុងផ្លាស់ប្តូរវិលទៅរក​ទីផ្សាររថយន្ដ​អគ្គិសនី (EV) ដើម្បីបំពេញ​តាមតម្រូវការរបស់អ្នកប្រើប្រាស់ ដែលកំពុងតែកើនឡើង។ ជាលទ្ធផល​នោះ Krungthai COMPASS បានប៉ាន់ប្រមាណថា ការប្រើប្រាស់យានយន្ដអគ្គិសនី នៅទូទាំងពិភពលោក នឹងកើនឡើង ចន្លោះពី២៥-៤៥ លានគ្រឿង នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នកំពុងប្រើប្រាស់យានយន្ដអគ្គិសនី ចំនួន១០លានគ្រឿង​។​

ការព្យាករណ៍នេះ ​ជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកបង្កើតគោលនយោបាយរបស់ប្រទេសថៃ ដែលមានគោលបំណងជំរុញឧស្សាហកម្មរថយន្តដែលមានស្រាប់ នៅក្នុងប្រទេសថៃ ឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មយានយន្ដអគ្គិសនី (EV) សម្រាប់បំពេញតម្រូវការ នៅក្នុងតំបន់។​ រីឯនោរក្នុងប្រើប្រាស់រថយន្ដអគ្គិសនី នៅក្នុងប្រទេសថៃ នៅតែមានចំនួនតិច បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសជាច្រើនទៀត ដោយ​ការប្រើប្រាស់រថយន្ដអគ្គិសនី​ មានត្រឹមតែ១ភាគរយ (១៩០ ០០០ គ្រឿង) កំពុងចរាចរនៅលើដងផ្លូវ នៅក្នុងប្រទេសថៃ កាលពីឆ្នាំមុន។​

ទោះជាយ៉ាងណា ក្រុមហ៊ុនផលិតរថយន្ដនានារបស់ជប៉ុន ដែលមានមូលដ្ឋាន នៅក្នុងប្រទេសថៃ បច្ចុប្បន្ន កំពុងសម្លឹងមើលទៅលើទីផ្សាយរថយន្ដកូនកាត់អគ្គិសនី ( Hybrid EV market)។ រីឯការផលិតរថយន្ដកូនកាត់ក្នុងស្រុក ​នឹងកើនឡើង ២៤ភាគរយ ក្នុងមួយឆ្នាំ​ ដោយជំរុញឲ្យការប្រើប្រាស់រថយន្ដអគ្គិសនីរបស់ជនជាតិថៃ កើនដល់១លានគ្រឿង នៅក្នុងឆ្នាំ២០២៨។

បើតាមការស្រាវជ្រាវដដែលនេះ បានបន្ថែម​ថា ការក្លាយជាមូលដ្ឋានផលិតកម្មរថយន្តកូនកាត់អគ្គិសនី (Hybrid Electric Vehicle Production) ក៏នឹងជួយរក្សាទីផ្សាររថយន្តប្រើចំហេះ (ICE) ក្នុងស្រុក និងបណ្តាញផ្គត់ផ្គង់ដែលពាក់ព័ន្ធ នៅក្នុងកម្រិត​​មធ្យមផងដែរ។ កត្ដាទាំងនេះនឹងជះឥទ្ធិពលជាវិជ្ជមានទៅលើក្រុមហ៊ុនផលិតអាគុយ​អគ្គិសនី, ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចនិងក្រុមហ៊ុនផលិតវត្ថុធាតុដើមកម្រិតស្រាល និងធ្ងន់ផងដែរ។​

ទោះយ៉ាងណា Krungthai COMPASS បានព្រមានថា សមាមាត្រ នៃការបំភាយរបស់យានយន្ត (zero-emission) នឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើក្រុមហ៊ុនផលិតគ្រឿងបន្លាស់របស់រថយន្ត ជាពិសេស ក្រុមហ៊ុនផលិត​តួរថយន្ដ និងម៉ាស៊ីន ដែលជាទីផ្សារ មានតម្លៃជិត ៣០០ ពាន់លានបាតថៃ (៩ ៥៥៤ ៧៤៩ ៧៥០ដុល្លារអាមេរិក)​ ឬប្រហែល២០ភាគរយ នៃគ្រឿងបន្លាស់រថយន្ត៕