រាជធានីភ្នំពេញ ៖ បុរស៤នាក់ បានស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ពាក់ស័ក្តិលើស្មានសុទ្ធតែស័ក្តិ៤ និងស័ក្តិ៤កន្លះ ផ្នែកប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ហើយបានបើកឡានដើរអុកឡុកប្រជាពលរដ្ឋតាមមូលដ្ឋានតាមទំនើងចិត្ត លុះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវដឹងការពិតថា ជាប៉ូលិសក្លែងក្លាយ ក៏បង្រ្កាបចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់តែម្តង។

លោក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មានបុរសចំនួន៤នាក់ ដែលបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ជិះរថយន្តអត់ផ្លាកលេខដើរអុកឡុកប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ខណៈពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃវែង បានចុះទៅធ្វើការសាកសួរ ជនសង្ស័យ ដែលគ្រោងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងមានការសម្គាល់នគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងមានពាក់ឋានន្តរស័ក្តិសុទ្ធតែវរសេនីយ៍ទោ និងវរសេនីយ៍ត្រី ជនសង្ស័យទាំងនោះ មិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយ ថែមទាំងអង្គុយចុចទូរស័ព្ទ លេងធ្វើមិនដឹង មិននិយាយជាមួយមន្ត្រីមូលដ្ឋាន។

លោកអធិការបន្តថា ភ្លាមៗនោះ លោកបានរាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍ ដោយសារតែជនសង្ស័យ ស្លៀកពាក់ឯកសណ្ឋាន និងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិផង ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោ ពិបាកនឹងធ្វើការបន្តិច បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោ សម្រេចចាប់ខ្លួន ជនសង្ស័យ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដោយដកហូតវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួន។ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងនគរបាលខណ្ឌដង្កោ បានប្រគល់ឲ្យមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕