រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ (ឌីប្លូម) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និង ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៧មិថុនា បានឲ្យដឹងថា ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយកាសលទ្ធផល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ហើយប្រកាសលទ្ធផលនៅថ្ងៃទី២៨ និង២៩ខែធ្នូ ឆ្នាំ២០២១។

លោក រស់ សុ វាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានលើកទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រតាមអនឡាញ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមកខណៈពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ។

លោក បានបញ្ជាក់ថា ក្រសួងអប់រំនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងឌីប្លូមនិងបាក់ឌុបដដែលបើទោះបីជាកម្ពុជាជួបប្រទះនឹងជំងឺកូវីដ-១៩ ក៏ដោយ៕