រដ្ឋធានីព្យុងយ៉ាង៖ ក្រោយពេលបិទប្រទេស ​ទប់ស្កាត់វីរុសកូវីដ-១៩ និងរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពីអន្ដរជាតិ ហើយមិនអាចស្ដារសេដ្ឋកិច្ចបាន ធ្វើឲ្យមេដឹកកូរ៉េខាងជើង ​ចេញមុខមកទទួលស្គាល់ថា ប្រទេសកូរ៉េខាងជើង កំពុងតែប្រឈមមុខ នឹងបញ្ហាកង្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរបំផុត នាពេលនេះ។

សារព័ត៌មាន BBC​ បានចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចេញមុខមកទទួលស្គាល់ជាផ្លូវការថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹងបញ្ហាខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង។ នេះជាការចេញមុខមកទទួលស្គាល់ដ៏កម្ររបស់មេដឹកនាំកូរ៉េខាងជើង។

លោក គីម ជុងអ៊ុន បានថ្លែងទៅកាន់កិច្ចប្រជុំជាមួយមន្រ្ដីជាន់ខ្ពស់របស់កូរ៉េខាងជើងថា «ស្ថានភាពអាហាររបស់ប្រជាជន នាពេលនេះកំពុងតែខ្វះខាតខ្លាំង។ ​វិស័យកសិកម្ម​របស់ប្រទេស​ មិនអាចបំពេញតាមតម្រូវការ ដែលបានកំណត់​ ដោយសារព្យុះទីហ្វុង កាលពីឆ្នាំទៅ បណ្ដាលឲ្យមានទឹកជំនន់ជន់លិចផលដំណាំ។​​

​សារព័ត៌មាន NK News បានរាយការណ៍ថា បច្ចុប្បន្ន តម្លៃម្ហូបអាហារ បានឡើងថ្លៃខ្ពស់។ សូម្បី​តែផ្លែចេក គឺក្នុង១គីឡូក្រាមឡើងថ្លៃ រហូតដល់៤៥ដុល្លារសហរដ្ឋអាមេរិក។​ អាជ្ញាធរកូរ៉េខាងជើង បានចាប់ផ្ដើមបិទព្រំដែនរបស់ខ្លួន ជាមួយនឹងប្រទេសចិន ចាប់តាំងពីការផ្ទុះឡើងជំងឺកូវីដ-១៩ដំបូងម៉្លេះ ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។

​សារព័ត៌មាន NK News  បានបន្ដថា ពាណិជ្ជកម្មជាមួយប្រទេសចិន បានធ្លាក់ចុះខ្លាំង។ ប្រទេសកូរ៉េខាងជើង តែងពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិន ទាំងម្ហូបអាហារ ជី និងប្រេងឥន្ធនៈ…ជាដើម។ បច្ចុប្បន្ន ប្រទេសកូរ៉េខាងជើង​ ក៏កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីអន្ដរជាតិ ដោយសារតែកម្មវិធីអាវុធមហាប្រល័យលោករបស់ប្រទេសផ្ដាច់ការមួយនេះ។​

ជាមួយគ្នានេះដែរ មេដឹកនាំផ្តាច់ការ នៃប្រទេសដែលមានគណបក្សតែមួយ បាននិយាយ អំពីស្ថានភាពស្បៀងអាហារ នៅក្នុងគណៈកម្មាធិការកណ្តាលគណបក្សពលករ ដែលកំពុងកាន់អំណាច ដោយបានចាប់ផ្តើម នៅសប្តាហ៍នេះ នៅក្នុងរដ្ឋធានីព្យុងយ៉ាង។​ នៅក្នុងអំឡុងកិច្ចប្រជុំនោះ លោក គីម ជុងអ៊ុន បានបញ្ជាក់ថា ទិន្នផលឧស្សាហកម្មជាតិ បានកើនឡើង មួយភាគបួន បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។​

ទោះជាយ៉ាងណា មន្រ្ដីជាច្រើននាក់រំពឹងថា កូរ៉េខាងជើងនឹងពិភាក្សា អំពីទំនាក់ទំនងជាមួយអាមេរិក និងកូរ៉េខាងត្បូង នាពេលខាងមុខ។ ប៉ុន្ដែមន្រ្ដីកូរ៉េខាងជើង មិនបានបញ្ចេញព័ត៌មានលម្អិត នៅឡើយ។​

ប្រទេសកូរ៉េខាងជើង ធ្លាប់ប្រឈមនឹងគ្រោះអត់ឃ្លានម្ដងរួចមកហើយ កាលពីអំឡុងទសវត្សរ៍១៩៩០ ខណៈសហភាពសូវៀតដូលរលំ ហើយបោះបង់កូរ៉េខាងជើងចោល ដោយមិនបានផ្គត់ផ្គង់ជំនួយ​សំខាន់ៗដល់ប្រទេសនេះ។​ ចំនួនពលរដ្ឋកូរ៉េខាងជើង ដែលដាច់បាយស្លាប់​ នាពេលនោះ មិនត្រូវបានគេរាយការណ៍ឲ្យដឹងនោះទេ។ ប៉ុន្ដែគេអាចបានប្រមាណថា គ្រោះទុរភិក្ស នៅក្នុងប្រទេសកូរ៉េខាងជើង នាពេលនោះអាចបណ្ដាលឲ្យប្រជាជនកូរ៉េខាងជើង រហូតដល់៣លាននាក់ស្លាប់៕​