រាជធានីភ្នំពេញ ៖ មនុស្សចំនួន៣៩នាក់ ក្នុងនោះមានព្រះសង្ឈ២២អង្គ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកពិនិត្យ វិជ្ជមានកូវីដ១៩ នៅវេលាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

អាជ្ញាធរ បញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើការតេស្តិ៍សំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់ ។ ជាលទ្ធិផល មានវិជ្ជមានកូវីដ១៩ សរុប៣៩អង្គនាក់ ក្នុងនោះដែរ មានព្រះសង្ឈ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ផងដែរ ។ ។ ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លងកាត់ការតេស្តិ៍សំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវឲ្យយធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងវត្តផងដែរ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២៥នាក់ ខណៈអ្នកជំងឺ៧០៥នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០ ៧៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥ ០៣០នាក់ និងស្លាប់សរុបចំនួន ៣៨០នាក់៕