រាជធានីបាងកក៖ ក្រោយពេលបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ដល់​ប្រជាពលរដ្ឋរបស់ខ្លួន មានចំនួនកើនឡើងយ៉ាងច្រើននោះមក នាយក​រដ្ឋមន្រ្ដីថៃ​ បានប្រកាសតាមបណ្ដាញទូរទស្សន៍ កាលពីល្ងាច ថ្ងៃទី១៦ ខែមិថុនា ថា ថៃនឹងបើកទ្វារដំណើរការប្រទេសរបស់ខ្លួនឡើងវិញ ក្នុងរយៈពេល៤ខែ។ នេះបើតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីល្ងាច ថ្ងៃទី១៦ ខែមិថុនា។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ថា «បច្ចុប្បន្ន​ការចាក់វ៉ាក់សាំង នៅក្នុងប្រទេសរបស់យើងបានដំណើរទៅយ៉ាងលឿន ខ្ញុំចង់ផ្ដល់ព័ត៌មានដល់អ្នកទាំងអស់គ្នា អំពីផែនទីបង្ហាញផ្លូវ ចំពោះ​ស្ថានភាពធូរស្រាលរបស់យើង ​ងើបឡើងវិញ ពីវិបត្ដិកូវីដ-១៩។​​ បច្ចុប្បន្ននេះ យើងកំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំង ចំនួន៦ រួមមាន ក្រុមហ៊ុនវ៉ាក់សាំង​ Pfizer, Johnson & Johnson, Moderna ក៏ដូចជា ក្រុមហ៊ុន AstraZeneca, Sinovac និង Sinopharm »។​

លោកនាយករដ្ឋមន្រ្ដីថៃ បានបន្ដថា «បន្ថែមពីលើនេះ យើងក៏នឹង​មាន​លទ្ធភាពធ្វើឲ្យមានសន្ដិសុខដល់ការផ្គត់ផ្គង់វ៉ាក់សាំងកាន់តែច្រើនឡើង។ បច្ចុប្បន្ន យើងមានវ៉ាក់សាំងបម្រុង និងចុះកិច្ចព្រមព្រៀង សម្រាប់​វ៉ាក់សាំង ចំនួន១០៥,៥លានដូស នឹងត្រូវបញ្ជូនមកដល់ នៅក្នុងឆ្នាំនេះ ដែលនឹងអាចបំពេញ តាមគោលដៅរបស់យើង»។​

លោកនាយករដ្ឋមន្រ្ដីថៃ បានបន្ដថា «យើងនឹងបន្ដស្វែងរក​ការផ្គត់ផ្គង់​វ៉ាក់​សាំង​បន្ថែម នៅឆ្នាំក្រោយ។ ដោយផ្អែកលើគម្រោងជាច្រើន នាពេល​បច្ចុប្បន្ន យើងនឹងផ្ដល់ការចាក់វ៉ាក់សាំងជាមធ្យម ​ជិត១០លានដូស ក្នុង១ខែ ចាប់ពីខែកក្កដា។ ដូច្នេះ នៅដើមខែតុលា ប្រជាពលរដ្ឋជិត៥០លាននាក់ នឹងទទួលបានវ៉ាក់សាំង យ៉ាងហោចណាស់ ក៏ដូសលើកទី១​របស់ពួកគេ​ផងដែរ»។​​

លោកនាយករដ្ឋមន្រ្ដីថៃ បានបន្ដថា «ខ្ញុំកំពុងកំណត់គោលរបស់យើង ដើម្បី​ប្រកាសថា ប្រទេសថៃបើកទ្វារប្រទេសដំណើរការ​ពេញលេញ ក្នុងរយៈ​ពេល​១២០ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ។ សម្រាប់គោលដៅរបស់អ្នកទេសចេរ ក៏ត្រូវបានរៀបចំរួចរាល់ហើយ សម្រាប់បើកឲ្យ​ដំណើរបានឆាប់រហ័ស​បំផុត។​ ជនបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយ នឹងអាចចូលមកកាន់ប្រទេសរបស់យើង ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬមានការរឹតត្បិតវិធានការអ្វីឡើយ។ ជាមួយគ្នានេះ ជនជាតិថៃ នៅក្រៅប្រទេស ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ក៏អាចវិលត្រឡប់មកកាន់ប្រទេសកំណើត ដោយមិនចាំបាច់ធ្វើចត្ដាឡីស័ក​»។

លោកនាយករដ្ឋមន្រ្ដី បាន​បន្ថែមទៀតថា «ខ្ញុំចង់ឲ្យគ្រប់ស្ថាប័ន​របស់​រដ្ឋាភិ​បាល និងអភិបាលខេត្តទាំងអស់ ត្រូវរៀបចំ​ត្រៀមលក្ខណៈទាំងអស់ ដូច្នេះប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរកស៊ី​ឡើងវិញ ក្នុងរយៈពេល​​១២០ថ្ងៃ​។ ការបើកដំណើរការប្រទេសឡើងវិញនេះ ខ្ញុំរំពឹងថា ការគ្រប់​គ្រងប្រកបដោយប្រសិទ្ធភាព សម្រាប់កម្មវិធី​ចាក់វ៉ាក់សាំង​របស់យើង។​​​​​​​​​

លោកនាយករដ្ឋមន្រ្ដីថៃ បានបន្ថែមថា «បច្ចុប្បន្ន ទាំងសិង្ហបុរី និងតៃវ៉ាន់ បានទទួលស្គាល់ថា ការទិញវ៉ាក់សាំងបង្ការកូវីដ-១៩ មកពីបណ្ដាក្រុមហ៊ុន​អន្ដរជាតិ គឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់ប្រទេសទាំងនេះ ក្នុងការ​គ្រប់គ្រងស្ថានភាពកូវីដ-១៩។ ប្រទេសទាំងនេះធ្វើអ៊ីចឹងដែរ ដូចយើង បានសម្រេចចិត្តផលិតវ៉ាក់សាំង ដោយខ្លួនឯង។​ ការផលិតវ៉ាក់សាំង​របស់យើង ​ជាដំណោះស្រាយ រយៈពេលវែង ហើយវាជាដំណោះ​ស្រាយតែមួយ ដែលយើងបានសម្រេច​ចិត្តអស់រយៈជាង១ឆ្នាំកន្លង​មក​ហើយ។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយខ្ញុំ ក៏អាចគិតឡើងវិញ ក្នុងនាមជាតំណាងឲ្យប្រទេសជាតិ។ រីឯអ្នកជំនាញផ្សេងៗទៀតរបស់យើង ក៏បានផ្ដល់អនុសាសន៍ពីទិសដៅនោះ សម្រាប់ប្រទេសរបស់​យើងផងដែរ»៕​​​​