រាជធានីបាងកក៖ រលកកូវីដ-១៩ចុងក្រោយនេះ បានធ្វើឲ្យប្រជាពលរដ្ឋថៃ ប្រឈមមុខយ៉ាងខ្លាំងនឹងបញ្ហាប្រាក់បំណុល ហើយដើម្បីជួយបន្ធូរបន្ថយនូវបន្ទុកដ៏ធ្ងន់ធ្ងរនេះ លោកនាយករដ្ឋមន្រ្ដីថៃ ​បានជំរុញឲ្យគណៈរដ្ឋមន្រ្ដីរបស់លោក ត្រូវតែជួយដោះស្រាយបញ្ហាប្រាក់បំណុលទាំងអស់ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

សារព័ត៌មាន The Nation បានផ្សាយ នៅថ្ងៃទី១៦ ខែមិថុនា ថា ក្នុងការបន្ធូរបន្ថយដល់បន្ទុករបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនឹងវិបត្ដិកូវីដ-១៩នោះ លោក ប្រាយុទ្ធ ចាន់អូចា (​Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ កាលពីថ្ងៃអង្គារ (ទី១៥ ខែមិថុនា) បានជំរុញឲ្យគណៈរដ្ឋមន្រ្ដីរបស់លោក ត្រូវបង្កើតវិធានការដោះស្រាយ​បញ្ហាប្រាក់បំណុលទាំងអស់ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ កូនបំណុល (អ្នកខ្ចី) ត្រូវការជំនួយ​ រួមមាន និស្សិត  អ្នកធានា គ្រូបង្រៀន មន្រ្ដីរដ្ឋាភិបាល  ដោយមានកម្ចីសម្រាប់ទិញរថយន្ដ ម៉ូតូ ​និងកម្ចីផ្ទាល់ខ្លួន ។ល។ និង ។ល។ ។

លោកនាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ថា ​វិធានការ​រយៈពេលខ្លី ​ដែលត្រូវដាក់ឱ្យដំណើរការ ក្នុងរយៈពេលប្រាំមួយខែ ​នឹងរួមបញ្ចូលទាំងការកាត់បន្ថយបន្ទុកការប្រាក់ និងការរៀបចំ​រចនាសម្ព័ន្ធប្រាក់បំណុលឡើងវិញ។ ធនាគារថៃក៏នឹងត្រូវបានស្នើសុំឱ្យពិនិត្យមើល ពីអត្រាការប្រាក់ជាអតិបរមា និងចេញ​នូវគោលការណ៍ណែនាំផងដែរ។​

លោកនាយករដ្ឋមន្រ្ដីថៃ បានបន្ថែមថា «យើងនឹងពិចារណា ក្នុងការសម្រុះសម្រួល ដើម្បីបញ្ឈប់សកម្មភាពចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងកូនបំណុល(អ្នកខ្ចី)។ រីឯរដ្ឋាភិបាលនឹងចាប់ផ្តើមផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ សម្រាប់ជួយសហគ្រាសធុនតូច និងមធ្យម ហើយបង្កើនចំនួនហាងបញ្ចាំ សម្រាប់​ជួយដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប។

លោកនាយករដ្ឋមន្រ្ដីថៃ បានបន្ដថា ​បើក្នុងរយៈពេលវែង រដ្ឋាភិបាលនឹងកាត់បន្ថយអត្រាការប្រាក់ ចាប់ផ្តើមដាក់វិធានការកាត់បន្ថយពន្ធលើផ្ទះសម្បែង និងការដឹកជញ្ជូនសាធារណៈ ក៏ដូចជា បង្កើត​ភ្នាក់ងារសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចី។​ រហូតមកដល់ពេលនេះ គណៈរដ្ឋមន្រ្ដីរបស់លោក បានព្រមព្រៀងកាត់បន្ថយនូវការចំណាយលើសន្ដិសុខសង្គម រហូតដល់៦០ភាគរយ ក្នុងរយៈពេល៦ខែ ដើម្បីបន្ធូរបន្ថយនូវបន្ទុករបស់ប្រជាពលរដ្ឋ និងជួយចេញថ្លៃថាមពល។​ បញ្ហានេះនឹងមិនប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ក្រោយការចូលនិវត្ដន៍នោះឡើយ។

សារព័ត៌មាន The Nation បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០កន្លងមកនេះ ប្រាក់បំណុល​នៅក្នុងវិស័យផ្ទះសម្បែង នៅក្នុងប្រទេសថៃ បានកើន​ដល់ ១៤លានលានបាត ​(14 trillion baht = 1000 000 000 000 baht) ឬស្មើនឹង ៤ ៤៩៧ ៦៩៥ ៨៩២ ៣២៧ដុល្លារសហរដ្ឋអាមេរិក​៕