រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញដឹកនាំបញ្ជាដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចូលរួមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា បានចុះរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តខណ្ឌចំនួន០៥ បានប្រមាណ១៣៨១កន្លែង។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ជើងទឹកនិងផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សេចក្តីរាយការណ៍ឱ្យដឹងថានៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក អាធិបតេយ្យនៅលើផ្ទៃទឹកទន្លេ នៅក្នុងភូមិសាស្រ្តខណ្ឌចំនួន០៥ គឺខណ្ឌជ្រោងចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ នៅគ្រាដែលការអនុវត្តវិធានការរុះរើ តាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា មានរយៈពេល០៣ថ្ងៃនោះហើយ ដោយមានការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ឱ្យដឹងថាដោយការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅតែបន្តអនុវត្តមិនមានការពន្យាពេលនៃការរុះរើនោះឡើយ។ នៅក្នុងអំឡុងនៃការចុះអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេលប៉ុន្មានថ្ងៃមកនេះ គេមិនឃើញមានការតវ៉ារឺប្រឆាំងណាមួយពីសំណាក់ក្រុមប្រជាពលរដ្ឋរស់នៅខុសច្បាប់នៅលើផ្ទៃទឹកនោះទេ គឺពួកគាត់បានចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រមានចាត់វិធានការផ្លូវច្បាប់ចំពោះជនណារឹករូសចំពោះវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះ។កម្លាំងសមត្ថកិច្ចបន្តចុះអនុវត្តវិធានការរុះរើនេះឱ្យអស់មិនឱ្យមានការតាំងលំនៅឋាន រឺការប្រកបរបរអាជីវកម្ម អាណាធិបតេយ្យលើផ្ទៃទឹកទន្លេនេះទៅមុខទៀតទេ។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ឱ្យដឹងថា ចំពោះបែចិញ្ចឹមត្រី ដែលមានត្រីគឺតម្រូវឱ្យនាំយកមកប្រមូលផ្តុំតែមួយក្នុងខណ្ឌព្រែកព្នៅ ដោយរងចាំអនុវត្តវិធានការបន្ត ដោយឡែកចំពោះបែចិញ្ចឹមត្រីដែលគ្មានត្រីចិញ្ចឹមត្រូវរុះរើចោល។

បើយោងតាមរបាយការណ៍ឱ្យដឹងថា រយៈពេល០៣ថ្ងៃនៃការអនុវត្តវិធានការរុះរើគឺថ្ងៃទី១២,១៣និងថ្ងៃទី១៤ ខែមិថុនា មានបែចិញ្ចឹមត្រី៧៦៣បែត្រូវបានរុះរើ ចំណែកផ្ទះបណ្តែតទឹក៦២៨ខ្នងក៏ត្រូវបានរុះរើផងដែរ។

សូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យរុះរើរឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឱ្យអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយទុករយៈពេល០៧ថ្ងៃ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែបអាណាធិបតេយ្យនេះបានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។ក្នុងអំឡុងពេលនៃការចុះអនុវត្តឱ្យរុះរើនោះផងទៀតគឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការខូចខាតរឺបាត់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕