ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវ បានសម្រេចបិទភូមិសាស្ត្រ ភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺធ្វើឡើងចាប់ពីម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៥នាក់ ខណៈអ្នកជំងឺ ៦០៤នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩ ៤៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៣ ៥៧១នាក់ និងស្លាប់សរុបចំនួន ៣៦១នាក់៕