រដ្ឋធានីញូវដេលី៖ បុរសម្នាក់មានប្រពន្ធ៣៩នាក់ និងកូន៩៤នាក់ ហើយចៅ៧៦នាក់ កើតជំងឺទឹកនោមផ្អែម និងលើសឈាម ហើយ​បាត់បង់ជីវិត ក្នុងវ័យ៧៦ឆ្នាំ  កាលពីថ្ងៃទី១៣ ខែមិថុនា នៅក្នុងរដ្ឋ​ Mizoram នាភាគឦសាន ប្រទេសឥណ្ឌា។

លោក Zionnghaka Chana ជាប្រធាននិកាយសាសនាមួយ ដែលគេហៅថា «​Mizoram Mormons»​ ។ និកាយសាសនាគ្រីស្ដដ៏តូចមួយនេះ ត្រូវបានបង្កើតឡើង ដោយជីតារបស់គាត់ ឈ្មោះ Khuangtuaha នៅក្នុងឆ្នាំ១៩៤២ ដែលគេស្គាល់តាមប្រពៃណីពហុពន្ធភាព។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ លោក Chana និងភូមិរបស់គាត់ ឈ្មោះ Baktawng Tlangnuam  បានក្លាយទី​ទាក់ទាញអ្នកទេសចរ ដោយសារតែចរនាសម្ព័ន្ធមិនតាមប្រពៃណីរបស់គ្រួសារនេះ និងការរៀបចំជីវភាពប្រចាំថ្ងៃរបស់ពួកគេ គួរឲ្យចាប់អារម្មណ៍។

បើតាមសារព័ត៌មាន Wionews បានរាយការណ៍ថា ប្រធានរដ្ឋ Mizoram របស់ឥណ្ឌា បានបញ្ជាក់ថា លោក Chana បានបាត់បង់ជីវិត ដោយសារពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។​ បុរសរូបនេះ បានលាចាកលោក នៅវេលាម៉ោង៣រសៀល ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យឯកជន ស្ថិតក្នុងទីក្រុង Aizawl រដ្ឋ Mizoram ភាគឦសាន ប្រទេសឥណ្ឌា។​

លោកវេជ្ជបណ្ឌិត Lalrintluanga Zahau នាយកមន្ទីរពេទ្យ​ Trinity  ស្ថិតក្នុងទីក្រុង Aizawl បានប្រាប់ដល់សារព័ត៌មាន Press Trust of India ថា លោក Zionnghaka Chana បានកើតជំងឺទឹកនោមផ្អែម និងសម្ពាធឈាមឡើងខ្លាំង។ គាត់បានទទួលការព្យាបាល នៅក្នុងផ្ទះរបស់គាត់ នៅក្នុងភូមិ​ Baktawng អស់រយៈពេល៣ថ្ងៃកន្លងមកហើយ។​ ប៉ុន្ដែស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ឡើងៗ ទើបគេបញ្ជូនគាត់មកកាន់មន្ទីរពេទ្យ ជាកន្លែងដែលក្រុមគ្រូពេទ្យ​ បានប្រកាសពីការស្លាប់របស់គាត់​»។​

លោក Chana (Zionnghaka Chana) ជាប្រធាននិកាយសាសនា បានកើត នៅក្នុងឆ្នាំ១៩៤៥។ គាត់បានរៀបការជាមួយប្រពន្ធទី១របស់គាត់ ឈ្មោះ ​Zathiangi ខណៈគាត់មានអាយុ១៧ឆ្នាំ ហើយគាត់បានរៀបការប្រពន្ធចុងក្រោយរបស់គាត់ នៅក្នុងឆ្នាំ២០០៤។​ គ្រួសារដ៏ធំនេះរស់នៅក្នុងផ្ទះអគារ៤ជាន់ ដែលគេហៅថា «Chhuan Thar Run» ឬ «ផ្ទះជំនាន់ថ្មី»។ លំនៅឋានរបស់បុរសមានប្រពន្ធ៣៩នាក់នេះ ស្ថិតនៅចម្ងាយប្រហែល៧០គីឡូម៉ែត្រ ពីទីក្រុង  Aizawl​ រដ្ឋ Mizoram ភាគឦសាន ប្រទេសឥណ្ឌា។​

លោក Chana (Zionnghaka Chana) មានបន្ទប់ដេកមួយ នៅជាន់ផ្ទាល់ដី នៃអគារ​ Chhuan Thar Run ជាកន្លែងដែលគាត់អាចទៅដេកជាមួយប្រពន្ធជាច្រើននាក់របស់គាត់។ ដោយឡែកប្រពន្ធរបស់គាត់ទាំងអស់នោះ ​បានធ្វើការងារតាមតួនាទី ដើម្បីសម្រេចថា តើការងារណាដែលត្រូវធ្វើ។

លោក Chana (Zionnghaka Chana) បានប្រាប់ដល់សារព័ត៌មាន The Mirror កាលពីអំឡុងឆ្នាំ២០១២ថា «ខ្ញុំគិតថា ខ្លួនខ្ញុំជាបុរសសំណាងម្នាក់ ដែលបានក្លាយជាប្ដីរបស់ស្រ្ដីចំនួន៣៩នាក់ និងជាមេគ្រួសារដ៏ធំបំផុត នៅលើពិភពលោក។ ក្រៅពីប្រពន្ធចំនួន៣៩នាក់នោះ ខ្ញុំមានកូនចំនួន៩៤នាក់ និងចៅចំនួន៧៦នាក់»៕