រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្រ្កាបទីតាំងខារ៉ាអូខេជនជាតិខ្មែរនិងជនជាតិចិន ចំនួន២កន្លែងផ្សេងគ្នាជួបជុំច្រៀងផឹកស៊ីល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលដោយឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន៣២នាក់ចំណែកប្រមាណជាង១០០នាក់ទៀតវាយគាស់ទម្លុះទម្លាយសោរទ្វារត់គេចខ្លួន ខណៈដែលសមត្ថកិច្ចខំប្រឹងព្យាយាម ឃាត់ឃាំងក៏មិនអាចទប់ទល់បាននោះទេ។

បើតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការឱ្យដឹងថា កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានទទួលព័ត៌មានមកថា នៅចំណុចទីតាំងហាងខារ៉ាអូខេយីហោ ជីង ជុង ស្ថិតនៅលើបណ្តោយផ្លូវសហព័ណ្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានបើកលួចលាក់ផឹកស៊ីច្រៀងខារ៉ាអូខេ ពីសំណាក់ជនបរទេសចម្រុះគឺចិន វៀតណាម និងថៃ ចំណែកជនជាតិខ្មែរជាបុគ្គលិកមានគ្នាប្រមាណជាង១០០នាក់ នៅពេលនោះកម្លាំងសមត្ថកិច្ចក៏បានឆ្មក់ចូលត្រួតពិនិត្យនិងបង្រ្កាបជាក់ស្តែងឃើញមានការជួបជុំផឹកស៊ីតាមបន្ទប់មួយចំនួននៅជាន់លើ។

បន្ទាប់មកក៏បានប្រមូលពួកគេទាំងនោះមកជាន់ក្រោមឱ្យសម្រាកនៅក្នុងហាងខារ៉ាអូខេនោះមួយយប់សិន រងចាំព្រឹកឡើងហៅគ្រូពេទ្យមកពិនិត្យធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសមត្ថកិច្ចបានចាក់សោរទ្វារខាងមុខនិងខាងក្រោយ។

លុះនៅវេលាម៉ោង៣ យប់ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ពួកគេទាំងនោះក៏បានវាយសោរទម្លុះទម្លាយទ្វារក្រោយបណ្តាលឱ្យបាក់ ក៏នាំគ្នារត់ចេញយ៉ាងប្រសាចហើយគេចខ្លួនអស់ទោះបីសមត្ថកិច្ចប្រើប្រាស់ដំបងឆក់គំរាមយ៉ាងណាក៏ពួកគេមិនខ្លាចដែរ នាំគ្នារត់ចេញដោយសុវត្ថិភាព បន្សល់ទុកមធ្យោបាយមួយចំនួនប៉ុណ្ណោះ។

ដោយឡែក១ករណីទៀត នៅយប់ថ្ងៃដដែល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានចុះល្បាតនិងធ្វើការត្រួត ពិនិត្យតាមភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមូលដ្ឋានខណ្ឌ នឹងមានការសង្ស័យក៏បានចុះត្រួតពិនិត្យភោជនីយដ្ឋាន ដែលមានយីហោ ផាត ធី ឃើញ បានលួចបើកខារ៉ាអូខេច្រៀងផឹកស៊ីល្មើសនឹងបំរាមហាមឃាត់ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានបង្រ្កាបបិទអាជីវកម្ម ព្រមបានឃាត់មនុស្សចំនួន ៣២នាក់ ស្រី១៦នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្ត។

មនុស្សទាំង៣២នាក់នេះផងដែរ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញព្រែកព្នៅ៕