ខេត្តបាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបងសម្រេចបិទខ្ទប់ទីតាំងផ្សារណាត់ជាបណ្តោះអាសន្ន ទាំងយប់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីការរកឃើញអាជីវករម្នាក់ជាជាងកាត់ដេរវិជ្ជមានកូវីដ១៩ ។

យោងតាមរបាយការណ៍រដ្ឋបាលក្រុងបាត់ដំបងបានឲ្យដឹងថា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ១នាក់ឈ្មោះ ម៉ូត សារីយ៉ា ដែលគាត់ប្រកបមុខរបរកាត់ដេរនៅក្នុងផ្សារណាត់ដែលតូបរបស់គាត់ស្ថិតនៅប៉ែកខាងត្បូងនៅផ្សារ និងមានទីលំនៅបច្ចុប្បន្នស្ថិតនៅក្រុមទី 9 ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រដ្ឋបាលក្រុងបាត់ដំបងអំពាវនាវដល់បងប្អូនអាជីវករដែលលក់ដូរក៏ដូចជាប្រកបអាជីវកម្មនៅចាប់ពីផ្លូវកណ្ដាលផ្សារទៅខាងត្បូងទាំងអស់និងអ្នកពាក់ព័ន្ធមួយអ្នកជំងឺកូវីដ១៩ ខាងលើសូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយនឹងធ្វើការផ្អាកលក់ដូរនៅប៉ែកខាងត្បូង៕